តើអ្នកដឹងទេ? (វគ្គ១)

< All Topics
បោះពុម្ភ

កាលពីប៉ុន្មានខែមុន ខ្ញុំបានបង្ហោះម្តងរួចមកហើយនូវអត្ថបទមួយដែលនិយាយអំពីចុងឆ្នាំត្រូវប្រយ័ត្នដូចធ្វើដំណើរដល់ផ្លូវបំបែក។ ថ្ងៃនេះខ្ញុំ សូមចែករំលែកចំណេះដឹងមួយទៀតដែលប្រហាក់ប្រហែលនឹងអត្ថបទនោះដែរ តែអំពីយុគម្តង។
ដូចបងប្អូនយើងមួយចំនួនបានដឹងរួចមកហើយថា មួយយុគក្នុងហុងស៊ុយមានរយៈពេល២០ឆ្នាំ ដែលបច្ចុប្បន្នយើងនៅក្នុងយុគទី៨ ឬកាលទី៨នៃហុងស៊ុយ។ នៅសល់តែប៉ុន្មានឆ្នាំទៀតយើងនឹងឈានដល់យុគទី៩ហើយ ដែលវានឹងចាប់ផ្តើមពីឆ្នាំ២០២៤ រហូតដល់ ២០៤៣។

ចាប់ពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន និងអាចទៅដល់ឆ្នាំ២០២៤ ជារយៈពេលផ្លាស់ប្តូរយុគ ឬយើងអាចហៅថា ចុងយុគនិងដើមយុគ ឬម៉្យាងទៀតគឺ ផ្លូវបំបែក ដែលមានហេតុភេទចម្លែកៗជាច្រើនបានកើតឡើងនៅលើផែនដី ដូចជាបំរែរបំរួលអាកាសធាតុ រញ្ជួយដី.. ជាពិសេសជម្ងឺកូវីដ១៩។ បើយើងក្រឡេកមើលទៅពេលកន្លងមកវិញ ដូចជានៅពេលបំរុងឆ្លងចូលយុគទី៨ ដើមឆ្នាំ២០០០ (យុគទី៨ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៣) តើអ្នកទាំងអស់គ្នាគិតឃើញព្រឹត្តិការណ៍អ្វីកើតឡើងខ្លះ?

បើអ្នកធ្លាប់ឆ្លងកាត់ អ្នកប្រហែលជាមិនភ្លេចទេកាលដែលមានជំនឿឥតពិចារណានូវការបរិភោគបបរសណ្តែកខៀវអោយបានមុនម៉ោង១២យប់ ដើម្បីការពារខ្លួនកុំអោយឆ្លងពីជម្ងឺសារ(SARS)។ ជម្ងឺសារបានផ្ទុះឡើងនៅអំឡុងឆ្នាំ២០០២ដល់២០០៤ ដែលធ្វើអោយមនុស្សជាច្រើនបានស្លាប់។ ត្បិតការស្លាប់ដោយសារជម្ងឺសារមិនស្រូវច្រើនដូចកូវីដ១៩ក៏ដោយ (ព្រោះដោយសារការធ្វើដំណើរឆ្លងប្រទេសមិនសូវទូលំទូលាយដូចសម័យកាលបច្ចុប្បន្ន) តែពេលនោះពិភពលោកក៏មានការព្រួយបារម្ភខ្លាំងណាស់ដែរ។ ដើម្បីរកអំណះអំណាងបន្ថែម អ្នកទាំងអស់គ្នាអាចធ្វើការស្រាវជ្រាវបន្ថែមរកមើលហេតុភេទនានាដែលកើតមានឡើងនៅពេលនោះ និងនៅដើមយុគទី៧ យុគទី៦ ឬមុនៗទៀតបាន។

ត្រឡប់មកវិញ ខ្លឹមសារដែលខ្ញុំចង់ចែកជូនទៅបងប្អូននោះគឺថា រឿងដែលប្រុងនឹងកើតវានឹងកើត តែយើងត្រូវក្រោកឈរកុំផ្តេកផ្តួលនឹងកលិយុគ ចូរក្រោកឡើងដោយប្រើឪកាសនៃកលិយុគនោះបង្កើតជាលាភដល់យើងវិញ។ ឧទាហរណ៍ជាក់ស្តែង ក្នុងពេលកូវីដ១៩កំពុងរីករាលដាលនេះ មានអាជីវកម្មជាច្រើនបានដួលរលំ តែក៏មានអាជីវកម្មមួយចំនួនមានឪកាសក្នុងការរកប្រាក់ចំណូលបានជាច្រើនផងដែរ ដោយសារគេចេះប្រើឪកាស។ ភោជនីយ៍ដ្ឋាន អ្នកលក់សម្ភារៈប្រើប្រាស់នានា បើមិនប្តូររបៀបលក់មកលក់អនឡាញ ប្រើសេវាកម្មដឹកជញ្ជូន ឬកុម្មង់ម្ហូបតាមអេបទេ គាត់ប្រហែលជាប្រឈមនឹងការបាត់ចំនូលធ្ងន់ធ្ងរ។

សង្ឃឹមថា អត្ថបទមួយនេះអាចជាចំណីគំនិតដល់បងប្អូនទាំងអស់ពិចារណាសម្រាប់ជីវភាពនិងការរស់នៅបាន។

យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents