ស្វែងរកឯកសារ
ដំណាលកាលពីព្រេងនាយនៅប្រមាណជាង ៦៥០០ឆ្នាំមុន មានអធិរាជមួយអង្គដែលចេះវិជ្ជាយុទ្ធសិល្ប៍ខ្លាំងពូកែព្រះនាម ហ្វូស៊ី បានបង្រួបបង្រួមកុលសម្ព័ន្ធដ៏ខ្លាំងចំនួន៩ ហើយបង្កើតបានជានគរវ៉ានឈីវ។ កុលសម្ព័ន្ធនិមួយៗមានសត្វទេពដ៏មានបារមីរបស់ខ្លួនដែលមាន៖ ពស់ថ្លាន់ ក្តាន់ ខ្លា ក្រពើ បង្គួយ ត្រីកាប ឥន្ទ្រីយ៍ ត្រីបាឡែន និងត្រីឆ្លាម។ នៅពេលដែលរួបរួមគ្នាដំបូងនោះ អធិរាជហ្វូស៊ី បានផ្គុំបញ្ចូលសត្វទេពទាំង៩នោះទៅជាសត្វតែមួយ។ សត្វនេះមានខ្លួនជាពស់ថ្លាន់ ក្បាលក្រពើ ស្នែងក្តាន់ ភ្នែកខ្លា ជើងបង្គួយ ក្រញ៉ាំឥន្ទ្រីយ៍ ស្រកាត្រីកាប កន្ទុយឆ្លាម និងរោមពុកមាត់របស់ត្រីបាឡែន ហើយដាក់ឈ្មោះថាឡុង ដែលយើងស្គាល់ថាជាសត្វនាគ(តាមបែបបុរាណចិន) មកដល់បច្ចុប្បន្ន។
ការបង្កើតជាសត្វនាគរាជ(តាមបែបចិន)នេះ បានក្លាយជាសញ្ញាដ៏ឧត្តុង្គឧត្តមតំណាងអំណាចឋាមពល និងការរួបរួមគ្នាតែមួយ។
ចិនចូលចិត្តដាក់ពាក្យ ឡុង ជាឈ្មោះរបស់កូនណាស់!
ព្រះអង្គហ្វូស៊ី ជាមនុស្សទេពមួយអង្គដែលខ្លាំងពូកែក្នុងចំណោមបីអង្គ ដែលមាន២អង្គទៀតជា នូវ៉ា និងស៊ិនណូ។ គាត់ទាំងបីនាក់ ជាអ្នកដែលបង្រួបបង្រួម និងដឹកនាំប្រទេសចិនដំបូងបំផុត។ ហើយព្រះអង្គហ្វូស៊ីនេះជាអ្នកដែលបានបង្កើតរូបមន្ត ហឺធូ(He Tu ទន្លេលឿង) ជារូបមន្តតារាសាស្ត្រដំបូង មុននឹងមានរូបមន្ត ឡូវស៊ូ(Lou Shu ទន្លេឡូវ)។
ប្រភពឯកសារ៖ គម្ពីរបុរាណតៅ
រូបភាព៖ Lim Chung Hee