ស្វែងរកឯកសារ
បងប្អូនយើងប្រហែលបានដឹងរួចមកហើយថា តាមជំនឿរបស់ប្រជាជនចិន និងបងប្អូនដែលមានជាប់សែស្រឡាយចិន គេចាត់ថាវេលានេះជាខែខ្មោច ដែលជាពេលឋាននរកបើកទ្វារអោយវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅដល់ឋានក្រោមហើយមិនទាន់បានទទួលការចាប់កំណើតឬឡើងទៅស្ថានសួគ៌ បានឡើងមកទទួលយកសំណែន ឬបុណ្យពីសាច់ញាតិដែលនៅរស់។
នៅក្នុងឆ្នាំ២០២៤នេះ រយៈពេលដែលគេចាប់ផ្តើមគឺចាប់ផ្តើមពីថ្ងៃ០៤ ខែសីហា រហូតដល់ ២ ខែកញ្ញា ហើយថ្ងៃដែលគេប្រារព្ធពិធីសែនព្រេនធំជាងគេ គឺនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដែលយើងនិយមហៅថាជាថ្ងៃ សែនក្បាលទឹក ហើយវាក៏ជាវេលាដែលទ្វារនរកបើកធំជាងគេផងដែរ។
គួរកត់សម្គាល់់ផងដែរថា នៅថ្ងៃទី១៨ ខែសីហា នេះ ត្រូវជាថ្ងៃខាល ខែវក ដែលជាថ្ងៃឆុងធំប្រចាំខែសីហា ដូច្នេះរាល់កិច្ចការទាំងឡាយនៅថ្ងៃទី១៨នេះ ត្រូវតែប្រុងប្រយ័ត្នអោយបានខ្ពស់។ ម៉ោងល្អសម្រាប់សែនក្នុងថ្ងៃនោះគឺ៖
* ម៉ោងរោង(ចន្លោះម៉ោង៧៖០០ ដល់ ៨៖៥៩ព្រឹក) និងមមែ(ចន្លោះម៉ោង ១៣៖០០ ដល់ ១៤៖៥៩) ល្អជាងគេ
* ម៉ោងម្សាញ់(ចន្លោះម៉ោង៩៖០០ ដល់ ១០៖៥៩ព្រឹក) មធ្យម
* ម៉ោងថោះ(ចន្លោះម៉ោង៥៖០០ ដល់ ៦៖៥៩ព្រឹក) មមី(ចន្លោះម៉ោង១១៖០០ ដល់ ១២៖៥៩ថ្ងៃត្រង់) និងវក(ចន្លោះម៉ោង១៥៖០០ ដល់ ១៦៖៥៩ព្រឹក) ដាច់ខាតមិនត្រូវធ្វើទេ។
* ហើយអ្នកដែលមានតួវក និងខាល មិនគួរចូលរួមអុជធូបទេ។
ជាមតិយោបល់ ខ្ញុំសូមណែនាំអោយធ្វើនៅថ្ងៃទី១៦ ខែសីហា ដែលជាថ្ងៃជូត ខែវក ព្រោះវាមានឋាមពលពិសេសពាក់ព័ន្ធនឹងកន្លែងបញ្ចុះសព។ សែនវេលាណាក៏បាន លើកលែងវេលាមិនល្អដែលគួរជៀសវាងដូចខាងក្រោម៖
* ម៉ោងមមី(ចន្លោះម៉ោង១១៖០០ ដល់ ១២៖៥៩ថ្ងៃត្រង់)
* ម៉ោងច(ចន្លោះម៉ោង១៩៖០០ ដល់ ២០៖៥៩យប់)
* ហើយអ្នកដែលមានតួមមី និងខាល មិនគួរចូលរួមអុជធូបទេ។
ចូលអានអត្ថបទចាស់ ពាក់ព័ន្ធនឹងតំណមដែលគួរយកចិត្តទុកដាក់នៅវេលានេះ៖
https://web.reanfengshui.com/knowledge-base/ghost-month-2021
តាមការយល់ដឹងនិងសិក្សាកន្លងមក យើងគួររក្សាតំណមដូចអត្ថបទខាងលើ ក្នុងកំឡុងពេលចូលវស្សារហូតដល់ចេញវស្សា ព្រោះវេលានេះមានឋាមពលយិនច្រើន ដែលភាសាទូទៅថា មានវិញ្ញាណចេញមកច្រើន ហើយអង្គដែលថែរក្សាយើងកន្លងមកក៏លោកចូលទីអាស្រមចម្រើនធម៌ក្នុងកាលវស្សាដែរ។
បងប្អូនក៏គួររក្សាបុណ្យដាក់ទាន និងឧទ្ទិសចែកកុសលផលបុណ្យដល់ លោកអ្នកដែលមានគុណនិងសាច់ញាតិទាំងឡាយដែលបានចែកឋាន បារមីសម្តេចព្រះគ្រូ គ្រូឧបជ្ឈាយ អ្នកជំនាងផ្ទះ ព្រះភូមិ ទេវតានានាគោរពនៅផ្ទះដែលថែរក្សាផ្ទះ… និងខ្មោចអនាថាតាមដងផ្លូវនៅមុខផ្ទះ កន្លែងរកស៊ី ឬនៅតាមកន្លែងដែលអ្នកទៅដល់ផង ដើម្បីចម្រើនមេត្តាធម៌ និងទទួលបានពរជ័យពីពួកគាត់។
សម្រាប់បងប្អូនដែលជាសមាជិកក្លឹបចក្រវាឡ ក៏បានទទួលនូវវិធីការពារខ្លួនពិសេសបន្ថែម។
មានមតិនៅលើបណ្តាញសង្គមខ្លះបានលើកឡើងថា ទ្វារនរកបើករាល់ថ្ងៃតើ ព្រោះមនុស្សស្លាប់រាល់ថ្ងៃ។ មតិនោះមិនខុសទេ តែអ្នកបញ្ចេញមតិគួរអាន និងយល់អោយច្បាស់នូវឃ្លាថា គេបើកទ្វារអោយវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅដល់ឋានក្រោម…បានឡើងមកមកទទួល។ ដូច្នេះមានន័យថា ជាវេលាដែលគេអោយវិញ្ញាណចេញក្រៅ។ រីឯមតិខ្លះក៏បានឌឺដងទៅលើអ្នកសរសេរអត្ថបទនានាពាក់ព័ន្ធនឹងខែខ្មោចនេះថា ធ្លាប់ទៅដល់ឋាននរកមែនបានដឹងថាគេបើកទ្វារ?! ការពិតទៅ បើមនុស្សរៀនទទួលបានចំណេះដឹង គេមិនសួរសំនួរបែបនោះទេ ព្រោះនេះជាជំនឿតាមប្រពៃណី ហើយក៏មានវិជ្ជាសម្រាប់គណនាកម្លាំងឋាមពលដែរ។
ជូនពរសំណាងល្អ!