ស្វែងរកឯកសារ
ថ្ងៃនេះ ខ្ញុំបានទទួលសំនួរជាច្រើនពាក់ព័ន្ធនឹងការរៀបចំពិធីសែនចូលឆ្នាំចិន។ មន្ទិលទាំងឡាយកើតមានឡើងដោយសារមានទស្សនៈផ្ទុយគ្នាជាច្រើននៅលើបណ្តាញសង្គមដែលមិនដឹងគួរជឿតាមមួយណា។កុំឃើញដំរីជុះ នាំគ្នាជុះតាមដំរី!
ជាយោបល់របស់ខ្ញុំ បងប្អូនគួររៀបចំពិធីសែនតាមទម្លាប់ និងលទ្ធភាពដែលអាចធ្វើទៅបាន។ ការសែនព្រេនមិនមែនជាហុងស៊ុយទេ តែវាជាទំនៀមទម្លាប់តាមប្រពៃណីយ៍និងតាមតំបន់របស់រៀងៗខ្លួន។ ដោយសារការសែនចូលឆ្នាំចិនជាប្រពៃណីយ៍របស់ចិន ហើយហុងស៊ុយមានប្រវត្តិមកពីចិន ទើបគេនាំគ្នាគិតថា ហុងស៊ុយ គឺជាការសែនព្រេន។
អ្នកជឿហុងស៊ុយមិនមែនត្រូវតែសែននោះទេ!
ចូរបងប្អូនក្រឡេកមើលនៅប្រជាជននៅលោកប៉ែកខាងលិចដែលមាននៅទ្វីបអឺរ៉ុប និងអាមេរិកជាដើម គេកាន់សាសនាផ្សេងៗមិនដែលសែនព្រេនទេ តែក៏មានអ្នកជឿនិងប្រណិបត្តិតាមក្បួនហុងស៊ុយច្រើនដែរ។ បរិមាណអ្នកជឿហុងស៊ុយឥឡូវកាន់តែច្រើនជាងមុន។
សួរថា៖ ទាល់តែសែនទើបរកស៊ីមានបានឬ?
ចម្លើយគឺ៖ អត់ទេ!
សម្រាប់បងប្អូនដែលបារម្ភរឿងតារាសាស្ត្រ!
បើបងប្អូនចេះដល់តារាសាស្ត្រ និងបារម្ភដល់ការឆុងពីការរៀបចំសែនដែលអាចឆុងនឹងតារាសាស្ត្រ បងប្អូនអាចមើលមេរៀនតារាសាស្ត្រស្វែងយល់អំពីធាតុរបស់វា(ចុចទីនេះដើម្បីមើលមេរៀនតារាសាស្ត្រ២០២២) និងអ្វីដែលបងប្អូនគួរដាក់នៅប្លុកទិសដែលរៀបចំសែននោះ។ តែជាយោបល់ កុំបារម្ភហួសដល់នោះអី សែនអស់តែប៉ុន្មានធូបតើ មិនមានការស្វានដុំជីកគាស់ឯណា។ កុំគិតស្មុគស្មាញដល់នោះពេក ខ្ញុំសុំសួរវិញថា៖ បើអង្គុយនៅទិសខាងត្បូងដែលជាទិសធាតុភ្លើង និងមានតារាធាតុភ្លើងចូលទៀត អញ្ចឹងយើងអត់ហ៊ានអង្គុយផឹកទឹកនៅទិសនោះឬ? កុំអន្ទង់វែងឆ្នាំងវែងអី!
ទោះយ៉ាងណា ខ្ញុំសូមរាយនាមម្ហូបនិងផ្លែឈើមួយចំនួនដែលគេមិនសូវដែលចោលដូចខាងក្រោម៖
១. មីវែងឆា តំណាងអោយភាពអមតៈយូរអង្វែង
២. ត្រី តំណាងអោយភាពធូរធាររកស៊ីមានបាន
៣. ក្រូចលឿងឬខ្វិច តំណាងអោយភាពស្រស់ស្រាយនាំលាភជ័យ សិរីមង្គល
ការបកស្រាយអាចនឹងខុសពីខ្ញុំពន្យល់ ព្រោះវាអាស្រ័យទៅតាមជំនឿក្នុងតំបន់រៀងៗខ្លួន។
អ្វីដែលសំខាន់នោះគឺ ការជួបជុំក្រុមគ្រួសារនាំភាពស្រស់ស្រាយ សិរីសួស្តី និងសុភមង្គល សម្រាប់ឆ្នាំថ្មី!
រីករាយឆ្នាំថ្មី!
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ
#រៀនហុងស៊ុយ
#ហុងស៊ុយខ្មែរ
#reanfengshui
#fengshuikhmer
#jwz