ព្រះនាងឆាងអឺ

< All Topics
បោះពុម្ភ

ពិធីបុណ្យសែននំព្រះខែ ជាពិធីបុណ្យមួយដែលប្រជាជនចិន និងអ្នកដែលជាប់សាច់ឈាមចិនតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥ឬ១៦ ខែ៨ ក្នុងប្រតិទិនច័ន្ទគតិរបស់ចិន។ មានការតំណាលតគ្នាជារឿងនិទានជាច្រើនដែលនិយាយអំពីប្រវត្តិរបស់ពិធីបុណ្យសែននំព្រះខែនេះ។ ឥឡូវនេះ ខ្ញុំសូមលើកយករឿងនិទានមួយដែលគេចាត់ទុកថាជាប្រវត្តិរបស់ពិធីបុណ្យសែននំព្រះខែមកចែកជូនជាចំណេះដឹង៖

កាលពី ២១៧០ឆ្នាំមុនគ្រឹស្តសករាជ ដែនចក្រវាឡមានព្រះអាទិត្យចំនួន១០ ដែលបានចែកវេនគ្នាមកបំភ្លឺផែនដី។ វេលាមួយ ព្រះអាទិត្យទាំង១០នោះបានមកព្រមគ្នាដែលបង្ករអោយកើតមានជាគ្រោះក្តៅរាំងស្ងួតលើផែនដី ដែលធ្វើអោយប្រជាជនទាំងអស់នៅលើផែនដីពិបាកទ្រាំរស់។ បន្ទាប់មក មានអ្នកបាញ់ព្រួញម្នាក់ឈ្មោះ ហូអ៊ី បានចេញមុខមកបាញ់ទម្លាក់ព្រះអាទិត្យចំនួន៩អោយធ្លាក់ចុះ។ គាត់បានក្លាយជាវិរៈបុរសសង្គ្រោះផែនដី ហើយក៏ទទួលបានគុជវេទមន្តពីទេវតា (ឯកសារខ្លះនិយាយថាគាត់បានលួចពីទេវតា)។ ដោយសារគុជវេទមន្តនោះប្រើបានសម្រាប់តែម្នាក់ គាត់ក៏អោយប្រពន្ធដែលមានឈ្មោះថា ឆាងអឺ ថែរក្សា។

ថ្ងៃមួយមានចោរបានមកលួចប្លន់គុជវេទមន្តនោះពីឆាងអឺ នាងបានគិតថា បើវាធ្លាក់ក្នុងដៃជនមិនល្អ វានឹងកើតមានកលិយុគលើផែនដីទៀតហើយ។ ដូច្នេះគាត់ក៏សម្រេចចិត្តលេបគុជវេទមន្តនោះ ហើយក៏ក្លាយជាមនុស្សទេពដែលហោះចេញទៅក្លាយជាព្រះច័ន្ទ(ឯកសារខ្លះនិយាយថាគាត់ទៅរស់នៅឋានព្រះច័ន្ទ)។ គាត់មានចិញ្ចឹមទន្សាយមួយហើយទន្យាយនោះក៏ទៅជាមួយគាត់ដែរ។

ហូអ៊ី ខំរត់តាមប្រពន្ធគាត់ តែតាមមិនទាន់ បានត្រឹមបន្សល់នូវភាពសោកសៅ។ ចាប់ពីពេលនោះមក ដល់វេលាថ្ងៃទី១៥ឬ១៦ ខែ៨ ជារៀងរាល់ឆ្នាំ ហូអ៊ី និងប្រជាជនទាំងអស់តែងធ្វើនំព្រះខែសែនថ្វាយនាងឆាងអឺដែលជាព្រះច័ន្ទនោះ ដើម្បីតបស្នងសងគុណតរៀងមក។

មកដល់ពេលបច្ចុប្បន្ន ប្រជាជនដែលមានជាប់ខ្សែស្រឡាយចិនតែងតែប្រារព្ធពិធីសែននំព្រះខែដល់ព្រះនាងឆាងអឺ ហើយក៏រៀបចំជួបជុំក្រុមគ្រួសារដើម្បីកុំអោយព្រាត់ប្រាស់គ្នាដូច ឆាងអឺ និងហូអ៊ី។

អ្នកខ្លះបានថែមទាំងរៀបចំគ្រឿងរណ្តាប់សែន ដើម្បីសុំសេចក្តីសុខ និងបួងសួងផ្សេងៗ (រួមថែមទាំងសុំអោយដល់គូទៀតផង 😀 )។

ប្រវត្តិសែននំព្រះខែមានច្រើនបែបណាស់ ដែលជារឿងនិទានតៗគ្នា ដូច្នេះអាចនឹងមានការបកស្រាយផ្សេងពីអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ។

សូមជូនពរអោយបងប្អូនទាំងអស់រកស៊ីទទួលទានមានបាន និងមានសុខភាពល្អ!

រួមគ្នាប្រឆាំងការចម្លងសំណេរដើ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ

Table of Contents