ជំនឿខែខ្មោច (សែនក្បាលទឹក)

< All Topics
បោះពុម្ភ

ខែ៧ ក្នុងប្រតិទិនច័ន្ទគតិចិន ជាខែដែលប្រជាជនចិននិយមតាមជំនឿហៅថាជា ខែខ្មោច ព្រោះវាជាវេលាដែលគេបើកទ្វានរកអោយវិញ្ញាណក្ខន្ទអ្នកស្លាប់ហើយមិនទាន់បានចាប់កំណើតចេញមកទទួលយកសំណែនដែលសាច់ញាតិនៅរស់សែនអោយ ឬសប្បុរសជនទាំងឡាយដែលមានសទ្ធារសែនអោយខ្មោចអនាថា។​ រដូវកាលខែខ្មោចសម្រាប់ឆ្នាំ២០២១នេះ ចាប់ផ្តើមពីថ្ងៃទី៨ ខែសីហា រហូតដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។ ដូច្នេះចាប់ពីវេលាចូលថ្ងៃទី៨សីហារហូតទៅ គឺទ្វានរកចាប់ផ្តើមបើកអោយវិញ្ញាណទាំងឡាយចេញមករកសំណែនដែលគេសែនអោយហើយ។ ជាក់ស្តែងថ្ងៃសែនក្បាលទឹកសម្រាប់ឆ្នាំ២០២១នេះ គឺធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ហើយវាគឺជាថ្ងៃដែលទ្វានរកបើកធំជាងគេ ដើម្បីអោយវិញ្ញាណខ្មោចទាំងអស់ចេញមកស្ថានមនុស្សលោកដើម្បីទទួលយកសំណែន។ 

បណ្តាំ៖
យើងខ្លាចខ្មោច យើងក៏ត្រូវតែខ្លាចកូវីដជាងខ្មោចទៀត!

ក្នុងខែខ្មោចនេះផងដែរ តាមជំនឿរបស់ប្រជាជនចិនគេនិយមមានតំណមមួយចំនួនដូចខាងក្រោមដើម្បីជៀសហេតុភេទអាក្រក់កើតឡើង៖
១. បើមិនចាំបាច់ មិនគួរនៅក្រៅផ្ទះចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹកឡើយ (ឬក្រោយថ្ងៃលិចរហូតដល់មុនថ្ងៃរះ) ព្រោះជាវេលាខ្មោចចេញដំណើរ
២. ហាមប៉ះពាល់ បើកបរកិន ឬដើររំលង សំណែនដែលមាននៅតាមផ្លូវឡើយ ព្រោះអាចប៉ះពាល់ដល់វិញ្ញាណខ្មោចដែលកំពុងស៊ីសំណែន
៣. ហាមធ្វើដំណើរផ្លូវឆ្ងាយ
៤. ហាមសម្លាប់សត្វល្អិតដែលហើរចូលមកនៅក្នុងផ្ទះ ព្រោះមានជំនឿថាវិញ្ញាណរបស់សាច់ញាតិនឹងកើតជាសត្វល្អិតមកលេង
៥. ហាមដោតចង្កឹះបញ្ឈរលើចានម្ហូប ព្រោះអាចធ្វើអោយខ្មោចយល់ច្រឡំថាជាសំណែនហើយខឹងនឹងយើង
៦. ហាមលាបក្រចកពណ៌ខ្មៅនិងក្រហម ព្រោះខ្មោចចូលចិត្តពណ៌២នេះ
៧. ហាមចូលនៅផ្ទះថ្មី បើកហាងថ្មី ចុះកុងត្រាថ្មី រៀបអាពាហ៍ពិពាហ៍ ទិញរបស់ថ្មី ជួសជុលផ្ទះ.. ព្រោះខ្លាចខ្មោចតាមមកនៅជាមួយ
៨. ហាមយំពេលយប់ ព្រោះខ្មោចចូលចិត្តមនុស្សទន់ខ្សោយ
៩. ហាមឆ្លើយតបនឹងសម្លេងគេហៅពីក្រោយ
១០. ហាមងាកក្រោយបើមានអ្នកណាគោះស្មាពីក្រោយ
១១. ហាមស្លន់ស្លោរនិងងាកក្រោយ បើភ្លាមៗមានអារម្មណ៍ថា ត្រជាក់ស្រឹប
១២. ហាមនិយាយអំពីខ្មោច ឬបន្លាចគ្នា ឬលេងល្បែងខ្មោច
១៣. ហាមព្យួរខោអាវក្រៅផ្ទះពេលយប់
១៤. ហាមអង្គុយមើលល្ខោន មើលកុន.. នៅជួរមុខគេបង្អស់
១៥. ហាមបើកឆ័ត្រចោលពេលយប់
១៦.​ ហាមហួចពេលយប់
១៧. ហាមរើសលុយឬរបស់របរតាមផ្លូវ
១៨. ហាមលេងទឹកទន្លេ ឬសមុទ្រ
១៩. ហាមធ្វើកម្មវិធីជប់លៀងពេលយប់
២០. ហាមព្យួរកណ្តឹងខ្យល់ក្នុងផ្ទះ
២១. ហាមថតរូបពេលយប់
២២. ហាមនៅមើលទូរទស្សន៍ឬនិយាយទូរស័ព្ទយប់ពេក

បើគិតពីជំនឿនិងបំរាម គឺនៅមានច្រើនជាងនេះទៀតតាមតំបន់និមួយៗ។

ជួនកាលខ្មោចវាមិនមកធ្វើអីយើងផ្ទាល់ទេ តែវាដាក់បណ្តាសារអោយអ្នកបំពានអោយកើតរោគនានាផងដែរ ជាពិសេសកូវីដ១៩ដ៏គ្រោះថ្នាក់។

គួរយកវត្ថុស័ក្តិសិទ្ធិតាមខ្លួនជាប់ជានិច្ចបើចាំបាច់ត្រូវចេញក្រៅផ្ទះពេលយប់។ ហើយការប្រយ័ត្ននេះផងដែរក៏គួរធ្វើនៅវេលាកាន់បិណ្ឌមួយរហូតដល់បុណ្យភ្ជុំបិណ្ឌចប់ ព្រោះរដូវកាលខែខ្មោចរបស់វប្បធម៌ចិន ក៏ដូចនឹងរដូវកាលបិណ្ឌខ្មែរយើងដែរ។

គួរមានដើមទទឹមនៅមុខទ្វាផ្ទះដើម្បីកំចាត់ចោលនូវរាល់ធាតុអាក្រក់! បើមានសមាជិកគ្រួសារទើបត្រឡប់មកពីដំណើរឆ្ងាយ ចូរយកស្លឹកទទឹមលាយទឹកអំបិលប្រោះលើបុគ្គលនោះ ឬដើរកន្លងភ្លើងមុនចូលផ្ទះ!

ទោះយ៉ាងណា ទាំងនេះជាជំនឿតគ្នា ហើយវាអាស្រ័យទៅលើការជឿរបស់បងប្អូន!

សូមប្រកាន់ខ្ជាប់នូវវិធាន ៣កុំ និង៣ការពារ ដើម្បីក្រុមគ្រួសារ និងសង្គមយើងទាំងមូល។ សូមជូនពរនូវសំណាងល្អគ្រប់ពេលវេលា!

********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា

#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

(រូបភាព៖ អ៊ិនធឹណេត)

Table of Contents