ស្វែងរកឯកសារ
កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានចេញអត្ថបទខ្លីមួយដែលមានខ្លឹមសារថា៖
មិនហ៊ានដាំប្រទាលបន្លាតូចៗ ព្រោះខ្លាចខុសហុងស៊ុយ តែបែរជាទៅទិញដើមល្មើរមកដាំមុខផ្ទះវិញ
បន្ទាប់ពីបង្ហោះរួច មានបងប្អូនយើងបានស្នើរសុំអោយខ្ញុំជួយបកស្រាយ។ ដោយថ្ងៃនេះមានចិត្តស្រឡះល្អនិងទំនេរដៃបន្តិច ក៏សូមបកស្រាយបែបសាមញ្ញដូចខាងក្រោម៖
ក្នុងហុងស៊ុយ គេកំណត់ចំណាំថា វត្ថុដែលមានជ្រុងស្រួចអាចនឹងបង្ករអោយមានសាឈី (ឋាមពលអាក្រក់ឬឋាមពលអវិជ្ជមាន)ដែលនាំអោយមានបញ្ហាមកដល់យើងដែលនៅចំមុខជ្រុងស្រួចនោះ មិនថាវាជាជ្រុងផ្ទះ ជ្រុងតុទូ ជ្រុងដំបូលផ្ទះគេចាក់មកផ្ទះយើង ជ្រុងស្លាកយីហោហាង ឬជ្រុងរុក្ខជាតិ(រួមបញ្ចូលទាំងបន្លាស្រួច)នោះទេ គឺមានផលរំខានពីឋាមពលអាក្រក់មកទាំងអស់។
បើយើងគិតតាមបែបសង្គមរស់នៅវិញ ជ្រុងស្រួចងាយនឹងធ្វើអោយយើងមុតរបួស ប៉ះតែបន្តិចគឺមុតឬរងរបួសហើយ មិនថាជ្រុងតុ ជ្រុងជញ្ជាំងទេ ឬបន្លាទេ។ ហេតុនេះហើយទើបគេប្រាប់យើងកុំអោយមានវត្ថុដែលមានជ្រុងស្រួច ឬបន្លានៅមុខឬក្នុងផ្ទះ។ មនុស្សឬសត្វក៏មិនសូវចូលចិត្តកន្លែងមានបន្លាដែរព្រោះវាមិនរមនាដល់ការរស់នៅ។
ការដាំប្រទាលដែលមានបន្លា វានឹងមានផលរំខានពីឋាមពលអាក្រក់បើសិនជាវាមានទំហំធំ ឬដាក់តាំងនៅកន្លែងដែលងាយនឹងប៉ះពាល់ដល់មនុស្ស។ បន្លាតូចៗរបស់ប្រទាលវាមិនបង្ករអោយមានផលរំខានធំដំុទេ បើយើងមិនទៅប៉ះមុតវា ដូច្នេះបងប្អូនដែលនិយមដាំប្រទាលតូចៗដែលមានបន្លាមិនគួរបារម្ភខ្លាំងពេកទេ។ ចំណែកឯដើមល្មើរ ដើមត្នោត ឬដើមឈើផ្សេងៗដែលមានបន្លាអមដើមឬធាង ដរាបណាវាមិននៅទទឹងផ្លូវ ចំមុខទ្វាចូលផ្ទះ បាំងមុខផ្ទះ ទើសទែងការចេញចូល ក៏មិនមានផលរំខានខ្លាំងដែរ។ បើយើងនៅមន្ទិលថា ដើមល្មើរនាំស៊យ ចូរនាំគ្នាមើលថៅកែរចំការល្មើរ និងតម្លៃផ្លែល្មើរ
ចំនុចដែលគួរពិចារណានោះគឺថា បើគេយកលុយមកអោយ ហើយគេគ្រាន់តែឈានជើងមកដល់មាត់ទ្វាផ្ទះស្រាប់តែមុតបន្លាឬទើសមែកឈើស្កេកស្កះ តើគេសប្បាយចិត្តនឹងនាំលាភមកអោយទៀតឬទេ? មុខផ្ទះដូចមុខមាត់របស់មនុស្សយើងដូច្នេះដែរ បើស្រស់ស្អាត មានរបៀប និងមិនបំភ័យគេទេ នោះមនុស្សគ្រប់គ្រានឹងចង់រាប់អាន។
សូមជូនពរអោយបងប្អូនទាំងអស់រួចផុតពីជម្ងឺកូវីដ១៩ និងឧបសគ្គនានា!
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ