មេរៀនទី២៣៖ បន្ទប់គេង

< All Topics
បោះពុម្ភ

បន្ទប់គេង គឺជាកន្លែងមួយសំខាន់បំផុតសម្រាប់មនុស្សយើង។ កន្លែងគេងល្អ នាំអោយការគេងលក់បានស្កប់ស្កល់។ នៅពេលដែលរាងកាយបានសម្រាក យើងនឹងមានសុខភាពល្អ ហើយរាងកាយអាចមានពេលសម្រាប់ជួសជុលឬព្យាបាលកោសិការនានាដែលខូចខាតបានដោយខ្លួនឯង។ រាងកាយយើងវាចេះព្យាបាលខ្លួនឯង ហើយវាចាប់ផ្តើមព្យាបាលខ្លួនឯងពេលយើងគេងលក់។ ការគេងលក់បានស្កប់ស្កល់ គឺអាស្រ័យទៅលើឋាមពលឈីដែលបានចល័តក្នុងបន្ទប់បានល្អ ចុះបើឋាមពលឈីវាមិនល្អវិញនោះ?

ជាការពិតវានឹងនាំអោយយើងសម្រាកមិនបានស្កប់ស្កល់នោះទេ ហើយរាងកាយយើងក៏មិនបានទៅជួសជុលកោសិកាដែលខូចខាតនោះដែរ។

បន្ទប់គេងដែលល្អគួរស្របតាមលក្ខខណ្ឌគោលខាងក្រោម៖

១. បន្ទប់គេងត្រូវជាបន្ទប់ដែលមានរៀងចតុកោណកែង ឬការ៉េ

២. មិនត្រូវអោយមានជ្រុងសសរ ឬជ្រុងជញ្ជាំង ឬជ្រុងតុទូណាមួយបុកចំគ្រែឡើយ

៣. មិនត្រូវអោយមានជ្រុងជញ្ជាំង ឬជ្រុងតុទូណាមួយបុកចំទ្វាឡើយ

៤. ក្បាលគ្រែត្រូវតែអឹបជាប់ជញ្ជាំងរាបស្មើ

៥. ក្បាលគ្រែមិនត្រូវបែរទៅរកបង្អួចឬទ្វាឡើយ

៦. ក្បាលគ្រែមិនត្រូវនៅក្រោមធ្នឹម ឬការដេគ័របែបសណ្ឋានធ្នឹមឡើយ

៧. មិនត្រូវមានកញ្ចក់បែរចំគ្រែគេងឡើយ

៨. មិនត្រូវដាក់ចុងជើងនៃគ្រែបុកចំមាត់ទ្វាឡើយ

៩. ពិដានរបស់បន្ទប់គេងត្រូវតែរាបស្មើ មិនបញ្ឆិត

១០. មិនត្រូវមានសសរអណ្តែត(សសរដែលអត់មានជាប់ជញ្ជាំង)នៅក្នុងបន្ទប់គេងឡើយ

១១. ត្រូវរក្សាអនាម័យអោយបានល្អជានិច្ច

១២. ត្រូវឧស្សាហ៍បើកទ្វានិងបង្អួច ដើម្បីអោយមានខ្យល់ថ្មីចូល

ការរៀបចំបន្ទប់គេងអោយបានល្អក៏ត្រូវសិក្សាលើទីតាំងក្បាលដំណេកអោយត្រូវនឹងម្ចាស់បន្ទប់ ទីតាំងល្អក្នុងផ្ទះ និងរាសីរបស់ម្ចាស់បន្ទប់ផងដែរ។ សម្រាប់ការទិញផ្ទះស្រាប់ គឺពិបាកនឹងរកផ្ទះណាដែលល្អឥតខ្ចោះសម្រាប់យើងណាស់ ដូច្នេះបើអ្នកអាចរៀបបានលើស៥០% គឺចាត់ទុកថាប្រសើរណាស់ហើយ។

សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។

********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា

#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents