ស្វែងរកឯកសារ
បន្ទាប់ពីបន្ទប់គេង យើងមកមើលពីជណ្តើរផ្ទះម្តង ថាតើជណ្តើរបែបណាដែលគួរមាន និងជណ្តើរបែបណាដែលមិនគួរមាន។ ជណ្តើរមានតួនាទីសំខាន់ក្នុងការប្រមូលផ្តុំឋាមពលទៅកាន់ជាន់ខាងលើនៃផ្ទះរបស់យើង។ បើជណ្តើរនោះរៀបមិនបានល្អនោះទេ ផ្ទះរបស់យើងនៅជាន់ខាងលើក៏មិនមានឋាមពលល្អឡើងទៅដល់នោះដែរ។
តោះយើងមកមើលប្រភេទ និងទីតាំងជណ្តើរដែលល្អ និងមិនល្អទាំងអស់គ្នា៖
១. មិនគួរមានជណ្តើរដែលស្ថិននៅចំកណ្តាលផ្ទះឡើយ ព្រោះវាអាចប៉ះពាល់ដល់ការប្រមូលផ្តុំឋាមពលល្អៗនៅក្នុងផ្ទះ។ ហើយបើអ្នកមានជណ្តើរនៅកណ្តាលផ្ទះនោះ ភាគច្រើនអ្នកនឹងមានអារម្មណ៍មួម៉ៅ ឆាប់ខឹង និងតប់ប្រម៉ល់។
២. មិនគួរមានជណ្តើរ២ទន្ទឹមគ្នាឬស្របគ្នាឡើយ ព្រោះវាធ្វើអោយឋាមពលល្អៗចែកជា២។ ជាទូទៅអ្នកដែលនៅផ្ទះជាន់លើនឹងមានបញ្ហាបែកបាក់គ្រួសារ។
៣. មិនគួរមានជណ្តើរនៅលើមាត់ទ្វាចូលផ្ទះឡើយ ព្រោះជណ្តើរនឹងផ្តល់សម្ពាធដល់ឋាមពលល្អដែលបំរុងនឹងចូលផ្ទះ។ ផ្ទះបែបនេះនឹងរកស៊ីមិនមានបានសល់លុយកាក់ ហើយក៏មិនសូវមានសេចក្តីសុខដែរ។
៤. មិនគួរមានជណ្តើរដែលឡើងឬចុះទៅបុកចំទ្វាបន្ទប់ឡើយ ព្រោះកម្លាំងឋាមពលបុកចំខ្លាំងពេកដែលនាំអោយអ្នកនៅក្នុងបន្ទប់នោះមានបញ្ហាសុខភាព និងមានបញ្ហាក្នុងការទំនាក់ទំនង។ គេតម្រូវអោយមានធ្លាទូលាយមួយសិនមុននឹងដល់ទ្វាបន្ទប់។
៥. គួរមានជណ្តើរដែលឡើងមានថ្នាក់ឬបត់មួយតង់ឬ២តង់ កុំអោយវាត្រង់ឡើងទៅខ្ពស់រហូតពេក ព្រោះកម្លាំងឋាមពលត្រូវការកន្លែងប្រមូលផ្តុំសិនមុននឹងឡើងទៅមួយជាន់ទៀត។
៦. គួររៀបជណ្តើរផ្ទះដែលមិនបែរចំមាត់ទ្វាចូលផ្ទះ ព្រោះកម្លាំងឋាមពលត្រូវការប្រមូលផ្តុំក្នុងផ្ទះសិនទើបវាឡើងទៅជាន់លើ។
បញ្ជាក់៖ សម្រាប់ជណ្តើរវិល ហាមដាច់ខាតនៅចំកណ្តាលផ្ទះ ព្រោះវាដូចជាវីសដែលខួងចាក់ចំបេះដូងផ្ទះដូច្នេះដែរ។
សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ