SIGN IN YOUR ACCOUNT TO HAVE ACCESS TO DIFFERENT FEATURES

FORGOT YOUR PASSWORD?

FORGOT YOUR DETAILS?

AAH, WAIT, I REMEMBER NOW!

Rean Feng ShuiRean Feng Shui

  • ទំព័រដើម
  • អំពីយើងខ្ញុំ
  • សេវាកម្ម
  • បណ្ណាល័យ
  • អាហារូបករណ៍
    • អាហារូបករណ៍ឆ្នាំ២០២២
    • អាហារូបករណ៍ឆ្នាំ២០២១
  • ទំនាក់ទំនង

មើលរាសីរាសី

  • Home
  • Knowledge Base - Article
March 24, 2023

Category: ហុងស៊ុយក្នុងផ្ទះ

មេរៀនទី ២៧៖ តុបាយ

Thursday, 24 June 2021 by រៀនហុងស៊ុយ

តុបាយដែលមានហុងស៊ុយល្អជាងគេ គឺតុមូល (មិនថាវាសាងអំពីអ្វីឡើយ) ព្រោះវាមានឥទ្ធិពលជួយពង្រឹងទំនាក់ទំនងល្អរវាងសមាជិកក្រុមគ្រួសារ និងសុភមង្គល ដោយសារវាបង្ករភាពងាយស្រួលអោយក្រុមគ្រួសារបានឃើញមុខគ្នាល្អ ហើយក៏ងាយដួសម្ហូបអាហារផងដែរ។

មេរៀនទី ២៦៖ ទីតាំងបង្គន់

Saturday, 05 June 2021 by រៀនហុងស៊ុយ

កាលពីដើមឡើយ​ តាមទំនៀមទំលាប់របស់ខ្មែរយើង​​ បង្គន់ត្រូវបានចាត់ទុកថាជាកន្លែងស្មោគគ្រោក ព្រោះជាកន្លែងដែលយើងបន្ទោរបង់ដែលមានកន្លែងឆ្អេះឆ្អាប។​ បង្គន់ច្រើនគេសង់អោយនៅក្រោយផ្ទះ​ ឬមានគម្លាតឆ្ងាយពីផ្ទះ ដើម្បីជៀសវាងមានក្លិនឆ្អេះឆ្អាបមកដល់ផ្ទះ។ បើអ្នកដែលមានវត្ថុស័ក្តិសិទ្ធិតាមខ្លួនទៀត នោះគេតមមិនអោយយកវត្ថុស័ក្តិសិទ្ធិនោះចូលទៅបង្គន់ទេ។ ប្រជាជនចិនក៏ដូចជាប្រជាជនដទៃនៅអាស៊ីយើងក៏មានជំនឿប្រហាក់ប្រហែលគ្នាផងដែរ។ មកដល់សម័យបច្ចុប្បន្ន ផ្ទះសម័យថ្មីគេសង់បង្គន់បានល្អប្រសើរជាងមុន ហើយបង្គន់ខ្លះស្អាតជាងបន្ទប់គេងរបស់យើងទៀតផង។​  យ៉ាងណាម៉ិញ គេមានបម្រាមមួយចំនួនសម្រាប់ការសង់ឬការកំណត់ទីតាំងបង្គន់ និងអាងមុជទឹក ដែលមានរៀបរាប់ដូចនៅខាងក្រោម៖១. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើទ្វាធំចូលផ្ទះ២. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើចង្ក្រានបាយ៣. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើគ្រែគេង៤. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើបន្ទប់ហូបបាយ៥. ហាមសាងសង់បង្គន់ឬអាចមុជទឹកដែលមានជណ្តើរឡើងឬចុះបុកចំ ៦. ហាមសាងសង់ទ្វាចូលបន្ទប់គេងបុកចំទ្វាបង្គន់៧. ហាមដាក់ក្បាលដំណេកបែរចំជញ្ជាំងបង្គន់ វាជាការដែលគួរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះករណីដែលចានបង្គន់ឬអាងមុជទឹក(បាញ័រ)នៅចំពីលើចំណុចដែលបានរៀបរាប់ខាងលើ។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

មេរៀនទី ២៥៖ អាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី

Wednesday, 12 May 2021 by រៀនហុងស៊ុយ

ផ្ទះសម័យទំនើបដែលមានតម្លៃថ្លៃជាច្រើននាពេលបច្ចប្បន្ននេះ ច្រើនមានហាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី ដើម្បីបង្កើនសោភ័ណ្ឌភាពដល់ផ្ទះនេោះ។ តាមក្បួនហុងស៊ុយ ត្បិតទឹកអាចប្រមូលផ្តុំឋាមពលឈីល្អៗក៏ពិតមែន តែបើយើងរៀបចំមិនត្រឹមត្រូវទេ វានឹងនាំអោយយើងនូវបញ្ហាជាច្រើន ទាំងលុយកាក់ ទាំងសុខភាព និងអាចទាំងមានគ្រោះថ្នាក់ទៀតផង។ ថ្ងៃនេះយើងមកមើលថា តើការរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី គួរពិចារណាលើចំណុចអ្វីខ្លះ៖១. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី ពាក់កណ្តាលក្នុងផ្ទះ​ ពាក់កណ្តាលក្រៅផ្ទះ ព្រោះវានឹងនាំអោយមានបញ្ហាដល់សមាជិកគ្រួសារឬមានបញ្ហានានាទៅតាមឥទ្ធិពលរបស់ទិសនោះ២. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី នៅចំកណ្តាលផ្ទះ ព្រោះកណ្តាលផ្ទះគឺជាបេះដូងរបស់ផ្ទះ ដែលអាចនាំអោយមានការស្លាក់ឋាមពលឈី៣. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី នៅជាន់លើដែលមានទីតាំងនៅលើទ្វាចូលផ្ទះ ព្រោះវានឹងនាំអោយបាត់បង់ទ្រព្យ ឬក្ស័យទុនធ្ងន់ធ្ងរ។៤. ហាមរៀបចំទឹកធ្លាក់នៅក្នុងផ្ទះ ព្រោះវាអាចនឹងបង្ករអោយមានសម្លេងខ្ទរខ្លាំងដែលបង្កើតជាឋាមពលមិនល្អ។ តែបើសិនជាទឹកធ្លាក់នោះមិនមានសម្លេងរំខានខ្ទរខ្លាំងទេ វាមិនអីនោះទេ។៥. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី នៅក្រោមជណ្តើរ ព្រោះវានឹងបណ្តាលអោយឋាមពលល្អៗស្លាក់ឋាមពលល្អ។៦. ការរៀបចំទូកញ្ចក់ចិញ្ចឹមត្រី គួរមានសមាមាត្រសមរម្យទៅនឹងបន្ទប់ដែលយើងរៀបចំ ដើម្បីកុំអោយមានធាតុទឹកលើសហួសប្រមាណ។ ហើយការរៀបចំនេះផងដែរ ក៏គួរពិចារណាទៅលើទិសដែលត្រូវនឹងធាតុទឹកផងដែរ។៧. អាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី ត្រូវតែមានអនាម័យ និងស្អាតជានិច្ច ហើយទឹកត្រូវមានចលនាបែបស្រទន់ មិនមានរលកខ្លាំងៗ។៨. ជាទូទៅ ការដាក់តាំងត្រីនៅក្នុងអាង/ទូចិញ្ចឹមត្រី មិនមានកំណត់ចំនួនត្រីថាត្រូវដាក់ប៉ុន្មានក្បាលនោះទេ តែយើងត្រូវសិក្សាលើប្រភេទពូជត្រីនិងដង់ស៊ីតេបរិមាណត្រីដែលគួរដាក់នៅក្នុងកន្លែងចិញ្ចឹមរបស់យើង។ ជំនឿ៖ តាមជំនឿក្រៅហុងស៊ុយ គេនិយមមានចិញ្ចឹមត្រីខ្មៅមួយក្បាលនៅក្នុងចំណោមត្រីពណ៌ដទៃ ដើម្បីស្រូបទាញយកនូវហេតុភេទអាក្រក់នានាកុំអោយកើតមានឡើងដល់ម្ចាស់ផ្ទះ និងអ្នកស្នាក់នៅជាមួយ។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

មេរៀនទី២៤៖ ជណ្តើរផ្ទះ

Friday, 09 April 2021 by រៀនហុងស៊ុយ

បន្ទាប់ពីបន្ទប់គេង យើងមកមើលពីជណ្តើរផ្ទះម្តង ថាតើជណ្តើរបែបណាដែលគួរមាន និងជណ្តើរបែបណាដែលមិនគួរមាន។ ជណ្តើរមានតួនាទីសំខាន់ក្នុងការប្រមូលផ្តុំឋាមពលទៅកាន់ជាន់ខាងលើនៃផ្ទះរបស់យើង។ បើជណ្តើរនោះរៀបមិនបានល្អនោះទេ ផ្ទះរបស់យើងនៅជាន់ខាងលើក៏មិនមានឋាមពលល្អឡើងទៅដល់នោះដែរ។ តោះយើងមកមើលប្រភេទ និងទីតាំងជណ្តើរដែលល្អ និងមិនល្អទាំងអស់គ្នា៖ ១. មិនគួរមានជណ្តើរដែលស្ថិននៅចំកណ្តាលផ្ទះឡើយ ព្រោះវាអាចប៉ះពាល់ដល់ការប្រមូលផ្តុំឋាមពលល្អៗនៅក្នុងផ្ទះ។ ហើយបើអ្នកមានជណ្តើរនៅកណ្តាលផ្ទះនោះ ភាគច្រើនអ្នកនឹងមានអារម្មណ៍មួម៉ៅ ឆាប់ខឹង និងតប់ប្រម៉ល់។ ២. មិនគួរមានជណ្តើរ២ទន្ទឹមគ្នាឬស្របគ្នាឡើយ ព្រោះវាធ្វើអោយឋាមពលល្អៗចែកជា២។ ជាទូទៅអ្នកដែលនៅផ្ទះជាន់លើនឹងមានបញ្ហាបែកបាក់គ្រួសារ។ ៣. មិនគួរមានជណ្តើរនៅលើមាត់ទ្វាចូលផ្ទះឡើយ ព្រោះជណ្តើរនឹងផ្តល់សម្ពាធដល់ឋាមពលល្អដែលបំរុងនឹងចូលផ្ទះ។ ផ្ទះបែបនេះនឹងរកស៊ីមិនមានបានសល់លុយកាក់ ហើយក៏មិនសូវមានសេចក្តីសុខដែរ។ ៤. មិនគួរមានជណ្តើរដែលឡើងឬចុះទៅបុកចំទ្វាបន្ទប់ឡើយ ព្រោះកម្លាំងឋាមពលបុកចំខ្លាំងពេកដែលនាំអោយអ្នកនៅក្នុងបន្ទប់នោះមានបញ្ហាសុខភាព និងមានបញ្ហាក្នុងការទំនាក់ទំនង។ គេតម្រូវអោយមានធ្លាទូលាយមួយសិនមុននឹងដល់ទ្វាបន្ទប់។ ៥. គួរមានជណ្តើរដែលឡើងមានថ្នាក់ឬបត់មួយតង់ឬ២តង់ កុំអោយវាត្រង់ឡើងទៅខ្ពស់រហូតពេក ព្រោះកម្លាំងឋាមពលត្រូវការកន្លែងប្រមូលផ្តុំសិនមុននឹងឡើងទៅមួយជាន់ទៀត។ ៦. គួររៀបជណ្តើរផ្ទះដែលមិនបែរចំមាត់ទ្វាចូលផ្ទះ ព្រោះកម្លាំងឋាមពលត្រូវការប្រមូលផ្តុំក្នុងផ្ទះសិនទើបវាឡើងទៅជាន់លើ។ បញ្ជាក់៖ សម្រាប់ជណ្តើរវិល ហាមដាច់ខាតនៅចំកណ្តាលផ្ទះ ព្រោះវាដូចជាវីសដែលខួងចាក់ចំបេះដូងផ្ទះដូច្នេះដែរ។ សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។ ******** រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

មេរៀនទី២៣៖ បន្ទប់គេង

Friday, 02 April 2021 by រៀនហុងស៊ុយ

បន្ទប់គេង គឺជាកន្លែងមួយសំខាន់បំផុតសម្រាប់មនុស្សយើង។ កន្លែងគេងល្អ នាំអោយការគេងលក់បានស្កប់ស្កល់។ នៅពេលដែលរាងកាយបានសម្រាក យើងនឹងមានសុខភាពល្អ ហើយរាងកាយអាចមានពេលសម្រាប់ជួសជុលឬព្យាបាលកោសិការនានាដែលខូចខាតបានដោយខ្លួនឯង។ រាងកាយយើងវាចេះព្យាបាលខ្លួនឯង ហើយវាចាប់ផ្តើមព្យាបាលខ្លួនឯងពេលយើងគេងលក់។ ការគេងលក់បានស្កប់ស្កល់ គឺអាស្រ័យទៅលើឋាមពលឈីដែលបានចល័តក្នុងបន្ទប់បានល្អ ចុះបើឋាមពលឈីវាមិនល្អវិញនោះ? ជាការពិតវានឹងនាំអោយយើងសម្រាកមិនបានស្កប់ស្កល់នោះទេ ហើយរាងកាយយើងក៏មិនបានទៅជួសជុលកោសិកាដែលខូចខាតនោះដែរ។ បន្ទប់គេងដែលល្អគួរស្របតាមលក្ខខណ្ឌគោលខាងក្រោម៖ ១. បន្ទប់គេងត្រូវជាបន្ទប់ដែលមានរៀងចតុកោណកែង ឬការ៉េ ២. មិនត្រូវអោយមានជ្រុងសសរ ឬជ្រុងជញ្ជាំង ឬជ្រុងតុទូណាមួយបុកចំគ្រែឡើយ ៣. មិនត្រូវអោយមានជ្រុងជញ្ជាំង ឬជ្រុងតុទូណាមួយបុកចំទ្វាឡើយ ៤. ក្បាលគ្រែត្រូវតែអឹបជាប់ជញ្ជាំងរាបស្មើ ៥. ក្បាលគ្រែមិនត្រូវបែរទៅរកបង្អួចឬទ្វាឡើយ ៦. ក្បាលគ្រែមិនត្រូវនៅក្រោមធ្នឹម ឬការដេគ័របែបសណ្ឋានធ្នឹមឡើយ ៧. មិនត្រូវមានកញ្ចក់បែរចំគ្រែគេងឡើយ ៨. មិនត្រូវដាក់ចុងជើងនៃគ្រែបុកចំមាត់ទ្វាឡើយ ៩. ពិដានរបស់បន្ទប់គេងត្រូវតែរាបស្មើ មិនបញ្ឆិត ១០. មិនត្រូវមានសសរអណ្តែត(សសរដែលអត់មានជាប់ជញ្ជាំង)នៅក្នុងបន្ទប់គេងឡើយ ១១. ត្រូវរក្សាអនាម័យអោយបានល្អជានិច្ច ១២. ត្រូវឧស្សាហ៍បើកទ្វានិងបង្អួច ដើម្បីអោយមានខ្យល់ថ្មីចូល ការរៀបចំបន្ទប់គេងអោយបានល្អក៏ត្រូវសិក្សាលើទីតាំងក្បាលដំណេកអោយត្រូវនឹងម្ចាស់បន្ទប់ ទីតាំងល្អក្នុងផ្ទះ និងរាសីរបស់ម្ចាស់បន្ទប់ផងដែរ។ សម្រាប់ការទិញផ្ទះស្រាប់ គឺពិបាកនឹងរកផ្ទះណាដែលល្អឥតខ្ចោះសម្រាប់យើងណាស់ ដូច្នេះបើអ្នកអាចរៀបបានលើស៥០% គឺចាត់ទុកថាប្រសើរណាស់ហើយ។ សូមរក្សាសុវត្ថិភាព អនាម័យ

មេរៀនទី២២៖ ផ្ទះបាយ

Friday, 26 March 2021 by រៀនហុងស៊ុយ

អ្នកទាំងអស់គ្នាបានដឹងអំពីមាត់ទ្វាផ្ទះ និងចរន្តខ្យល់រួចហើយ តើមានបានគិតដល់ការរៀបចំផ្ទះអោយត្រូវតាមក្បួនហើយឬនៅ? មិនថ្វីទេ ឥឡូវខ្ញុំសូមជូនមេរៀនមួយទៀតអំពីចង្ក្រានបាយម្តង។ ផ្ទះបាយ គឺជាទីតាំងមួយដែលសំខាន់ក្នុងចំណោមទីតាំងដែលត្រូវយកចិត្តទុកដាក់ខ្ពស់(មាត់ទ្វាចូលផ្ទះ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងផ្ទះបាយ)។ ការរៀបចំផ្ទះបាយសំខាន់ណាស់ បើក្នុងផ្ទះបាយមិនបានរៀបចំល្អនោះទេ វានឹងបង្កើតឋាមពលមិនល្អដែលបណ្តាលអោយអ្នកនៅក្នុងផ្ទះមិនមានការហូបចុកគ្រប់គ្រាន់ ឬអាចមានបញ្ហាសុខភាពទៀតផង។ ខាងក្រោមនេះគឺជាចំនុចខ្លះៗដែលអ្នកគួរដឹង៖ ១. មិនគួររៀបចំទីតាំងផ្ទះបាយនៅកណ្តាលផ្ទះឡើយ ព្រោះវាជាបេះដូងរបស់ផ្ទះ។ ២. មិនគួររៀបចំកន្លែងលាងចាននៅជិតចង្ក្រាន នឹងមានបញ្ហារប៉ះទង្គិចរវាងធាតុទឹកនិងធាតុភ្លើង។ ៣. មិនគួររៀបចំកន្លែងលាងចាននៅទល់មុខចង្ក្រាន ក៏នឹងមានការប៉ះទង្គិចរវាងធាតុទឹកនិងធាតុភ្លើងដែរ។ ៤. មិនគួររៀបចំចង្ក្រាននៅចំកណ្តាលផ្ទះបាយ ព្រោះវានឹងបង្ករជាឋាមពលអាក្រក់ដល់ផ្ទះបាយ។ ៥. បើកទ្វាភ្លាមឃើញចង្ក្រានភ្លែត ក៏មិនល្អដែរ។ ៦. មិនគួររៀបចំចង្ក្រាននៅក្រោមធ្នឹមឡើយ។ ៧. មិនគួររៀបចំទីតាំងចង្ក្រាននៅជិតទូទឹកកកឡើយ។ សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

មេរៀនទី២១៖ ចរន្តខ្យល់ ឬដង្ហើមនាគ

Friday, 19 March 2021 by រៀនហុងស៊ុយ

បន្ទាប់ពីយើងបានរៀនអំពីមេរៀនមាត់ទ្វាផ្ទះរួច ឥឡូវយើងមកមើលចរន្តខ្យល់ចូលផ្ទះវិញម្តង។ អ្នកប្រហែលជាធ្លាប់លឺគេនិយាយថា ចោះដង្ហើមនាគក្នុងផ្ទះដើម្បីលើកតម្កើងរាសី និងទទួលបានសុខភាពល្អហើយ មែនទេ? ការចោះដង្ហើមនាគដែលនិយាយនោះ គឺជាការរៀបចំចរន្តខ្យល់នេះឯង។ តាមក្បួន ទ្វាមុខផ្ទះ និងទ្វាក្រោយផ្ទះមិនត្រូវអោយនៅចំត្រង់ជួរគ្នាទេ ព្រោះកម្លាំងឋាមពលដែលជាចរន្តខ្យល់នឹងចូលហើយចេញទៅតាមក្រោយវិញភ្លាមៗ ដែលមិនបានផ្តល់ឋាមពលល្អដល់តួផ្ទះនិងមនុស្សដែលនៅក្នុងផ្ទះទេ(រូបទី១)។ ដូច្នេះហើយទើបគេតែងរៀបចំមិនអោយទ្វាទល់មុខគ្នា ឬបង្អួចទល់មុខទ្វាឡើយ។ ជាងនេះទៅទៀត គេតែងរៀបអោយមានជញ្ជាំងបាំងដើម្បីអោយខ្យល់បត់ចុះបត់ឡើងក្នុងផ្ទះអោយបានច្រើនមុននឹងទៅដល់ទ្វាក្រោយ(រូបទី២)។ បើយើងគិតបែបវិទ្យាសាស្ត្រ ពេលខ្យល់មិនបានចូលសព្វកន្លែងនៃតួផ្ទះទេ ផ្ទះយើងនឹងមិនបានផ្លាស់ប្តូរខ្យល់ចាស់ចេញនោះទេ ហើយបើខ្យល់បក់ខ្លាំងៗពេកក៏មិនល្អដែរ។ ដូច្នេះខ្យល់ដែលបក់ចូលផ្ទះរបស់យើងត្រូវជាខ្យល់ល្អ ទន់ភ្លន់ស្រាលៗ​ តែត្រជាក់។ យ៉ាងណាម៉ិញ រូបដែលបានបង្ហាញនេះ គឺជាគម្រូឧទាហរណ៍មួយសម្រាប់ពន្យល់បងប្អូនអោយងាយយល់ប៉ុណ្ណោះ ការរៀបចំចរន្តខ្យល់ឬដង្ហើមនាគនេះ វាបត់បែនតាមតួរផ្ទះនិងតំបន់ដែលយើងរស់នៅ។ គេត្រូវរកប្រភពខ្យល់ និងវិធីដែលទាញខ្យល់អោយចូលផ្ទះបានទៀត។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

មេរៀនទី ២០៖ ទ្វាចូលផ្ទះ

Thursday, 11 March 2021 by រៀនហុងស៊ុយ

មនុស្សជាច្រើនមានការខ្វល់ខ្វាយលើការរៀបចំហុងស៊ុយក្នុងផ្ទះ និងក្រៅផ្ទះ ដែលគេនិយមហៅថាជ័យភូមិ តែគាត់ភ្លេចមើលចំនុចមួយដែលមានតួនាទីដ៏សំខាន់ក្នុងហុងស៊ុយ នោះគឺ ទ្វាចូលផ្ទះ។ ទ្វាចូលផ្ទះត្រូវបានគេចាត់ទុកដូចជាមាត់ច្រកនៃហុងស៊ុយ ព្រោះកម្លាំងឋាមពលអាចចូលទៅផ្ទះបានតាមរយៈមាត់ទ្វានេះឯង។ មានចំនុចគោលធំៗមួយចំនួនដែលយើងត្រូវដឹង៖ ១. មាត់ទ្វាផ្ទះត្រូវតែមានរបៀបរៀបរយ និងមានអនាម័យខ្ពស់ ដូចនឹងមុខមាត់របស់មនុស្សយើងដែរ។ បើទីតាំងមាត់ទ្វាពេញទៅដោយសំរាម ក្រណាត់ជូតជើង ឬស្បែកជើងរប៉ាត់រប៉ាយ ស្នាមបាក់បែកប្រេះស្រាំ ឬមិនមានសណ្តាប់ធ្នាប់ទេនោះ ផ្ទះរបស់យើងមិនអាចទាក់ទាញកម្លាំងឋាមពលល្អអោយចូលទៅក្នុងផ្ទះរបស់យើងឡើយ។ ដូចគ្នានឹងមនុស្សយើងដែរ បើយើងមិនអនាម័យរៀបចំមុខមាត់របស់យើងអោយស្អាតសមរម្យនោះទេ គ្មានអ្នកណាគេចង់មករាប់អានជាមួយយើងឡើយ។ ២. បើឈរនៅមាត់ទ្វាហើយបែរមុខទៅក្រៅផ្ទះ មិនគួរមានបង្គោលភ្លើង បង្គោលស្លាកយីហោហាង ដើមឈើ ផ្លូវបុកចំ ផ្លូវកោងបុកចំ ផ្លូវលំតូច(ឌឿងហែម) ឬចន្លោះទទេររវាងអគារពីរបុកចំ នៅពីមុខមាត់ទ្វាឡើយ។ ដូចគ្នានឹងមានរបាំងមួយដែលគេដាក់បាំងនៅមាត់របស់យើងដែលមិនអាចអោយម្ហូបចំណីចូលមាត់យើងបានអញ្ចឹង។ ៣. បើឈរនៅមាត់ទ្វាហើយបែរមុខទៅក្នុងផ្ទះ មិនគួរមានជ្រុងតុទូ ជ្រុងជញ្ជាំង ទ្វាបន្ទប់គេង ទ្វាបន្ទប់ទឹក សសរផ្ទះ.. នៅចំត្រង់ជាមួយមាត់ទ្វាចូលឡើយ។ ដូចគ្នានឹងពេលដែលយើងស្លាក់ឆ្អឹង ដែលពិបាកនឹងលេបអាហារចូលក្នុងពោះដូច្នោះដែរ។ សង្ឃឹមថាមេរៀនទី២០នេះ នឹងអាចជាចំណីគំនិតដល់បងប្អូនក្នុងការរៀបចំផ្ទះអោយមានហុងស៊ុយសំរាប់ក្រុមគ្រួសារ។ បន្ថែម៖ហុងស៊ុយក្នុងផ្ទះប្រៀបដូចនឹងជីវិតយើងសព្វថ្ងៃ រាងកាយត្រូវការឧកស៊ីសែនល្អតាមរយៈការដកដង្ហើម ដូច្នេះសូមបើកទ្វានិងបង្អួច ដើម្បីអោយមានខ្យល់អាកាសថ្មីចូលដេញខ្យល់អាកាសចាស់ចេញ​ ដូចយើងដកដង្ហើមយកឧកស៊ីសែនថ្មីចូលហើយបញ្ចេញខ្យល់អាក្រក់ចេញ។ សូមរក្សាអនាម័យ និងគម្លាតសង្គម ដើម្បីចៀសឆ្ងាយពីវីរុសកូវីដ១៩! (រូបភាពពីអ៊ិនធឹណេត)********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ

  • DISCLAIMER
  • SUPPORT POLICY
  • LEGAL

© 2021 រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ។ បង្កើតវេបសាយដោយ KYBEREX Technology.

TOP
error: Content is protected !!