ស្វែងរកឯកសារ
ឈីមិនតុនជា ជាក្បួនបុរាណដែលត្រូវបានគេប្រើប្រាស់សម្រាប់ព្យាករណ៍ រៀបចំយុទ្ធសាស្ត្រ ការកំណត់ទីតាំងដែលមានឋាមពលល្អៗជាដើម។ ជាចំបង គេច្រើនប្រើប្រាស់វានៅជួរកងទ័ពក្នុងពេលសង្គ្រាម ដើម្បីយកឈ្នះលើគូបដិក្ស។ ក្បួននេះត្រូវបានគេស្រាវជ្រាវឃើញថាវាមានអាយុកាលតាំងពី២៦៩៧ឆ្នាំមុនគ្រឹស្តសករាជមកម៉្លេះ។
មនុស្សល្បីល្បាញដែលពូកែប្រើឈីមិនតុនជែជាងគេ មាន៖ ជូកឺលាង ក្នុងសម័យកាលនគរទាំងបី និងលីវប៉ូវិន ក្នុងសម័យរជ្ជកាលស្តេចឈីង។
ការប្រើប្រាស់ឈីមិនតុនជែមានច្រើនបែបច្រើនសណ្ឋាន ដែលគេបានចាត់វាទៅជាផ្នែកសំខាន់ៗចំនួន៨ដូចខាងក្រោម៖
- សម្រាប់ការព្យាករណ៍មើលអនាគត ដោយពឹងផ្អែកលើហេតុសំគាល់ណាមួយ
- សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រ ដោយពឹងផ្អែកលើវេលា និងសកម្មភាពប្រតិបត្តិការ
- សម្រាប់កំណត់ទីតាំងដែលមានសក្តានុពល និងឋាមពលល្អ
- សម្រាប់វិភាគលើវាសនាមនុស្ស
- សម្រាប់ទំនាក់ទំនងទៅកាន់វិញ្ញាណ ឬដែនឋាមពលចក្រវាឡ
- សម្រាប់យុទ្ធសាស្ត្រសង្គ្រាម
- សម្រាប់អ្នកសច្ចំ ត្រាស់ដឹងអ្វីមួយដោយការប្រើញាណសមាធិ
- សម្រាប់អ្នកដែលអាចប្រើញាណក្នុងការសម្រេចចិត្តអ្វីមួយដោយឆាប់រហ័សនិងបានផលលឿន
ការប្រើប្រាស់ឈីមិនតុនជែ ត្រូវពឹងអាស្រ័យទាំងស្រុងលើឋាមពលនៃដែនចក្រវាឡដ៏ធំធេងដែលមានបំរែរបំរួលឥតឈប់ឈរ។ ការប្រែប្រួលនោះបង្ករឡើងដោយដំណើរចររបស់ផ្កាយ ឬភពនិមួយៗទៅតាមវេលា។ រាល់ការបំលាស់ទីតាំងនៃផ្កាយនិមួយៗ វាតែងតែមានការប្រែប្រួលលើឋាមពលចក្រវាឡ។ តិចឬច្រើន វាអាស្រ័យលើប្រភេទនៃផ្កាយដែលបំលាស់ទីនោះ។ មកដល់សព្វថ្ងៃនេះ បើនិយាយពីភពឬផ្កាយនៅក្នុងដែនចក្រវាឡ មិនទាន់មានអ្នកណារាប់ឃើញថាភពនៅក្នុងចក្រវាឡទាំងអស់មានប៉ុន្មាននៅឡើយ ព្រោះវាធំធេងឥតគណនា។
នៅក្នុងឈីមិនតុនជែ គេបានផ្តោតទៅលើផ្កាយធំៗមួយចំនួនដែលគេបានចាត់ជាក្រុមសំខាន់ៗ និងតំណាងដោយឈ្មោះរៀងៗខ្លួន ដូចខាងក្រោម៖
- ក្រុមអាទិទេព ឬទេព្តា(DEITY)
- ក្រុមផ្កាយ
- ក្រុមទ្វា
- ក្រុមធាតុទាំង១០
- និងក្រុមជាច្រើនទៀតដែលអាស្រ័យលើការប្រើប្រាស់
ការដាក់ឈ្មោះ គឺជាការកំណត់របស់អ្នកប្រាជ្ញពីបុរាណ ដោយគេសម្គាល់លើឋាមពលឬឥទ្ធិពលរបស់ផ្កាយនិមួយៗ ហើយរកឈ្មោះតំណាងដែលស្រដៀងគ្នាបំផុតមកដាក់តំណាងអោយផ្កាយនោះ។ វាគ្មានរូបរាងច្បាស់លាស់នោះទេ ព្រោះវាអាស្រ័យលើផ្នត់គំនិត ជំនឿសាសនា ប្រពៃណីវប្បធម៌ និងការដឹងញាណរបស់បុគ្គលនិមួយៗ។
ខណៈនេះ រៀនហុងស៊ុយសូមលើកយកក្រុមអាទិទេព ឬទេព្តា (DEITY)មកបង្ហាញជូនបងប្អូន ដើម្បីជាទុនខ្លះក្នុងការសិក្សាឈីមិនតុនជែ។
គេបានចាត់ផ្កាយចំនួន១០ទៅក្នុងក្រុមអាទិទេពនេះ ហើយវាមានឥទ្ធិពលសំខាន់ជាងគេក្នុងក្នុងការកំណត់ឥរិយាបទ ឋាមពល ឬឥទ្ធិពលរបស់តារាង ឈីមិនតុនជែនិមួយៗ ពិសេសអត្តចរិកមនុស្ស។ ក្នុងចំណោមផ្កាយទាំង១០នេះ ក៏ត្រូវបានគេចែកចេញជា២ក្រុមតូចៗផងដែរ គឺក្រុមស្លូត(វិជ្ជមាន) និងក្រុមកាច(អវិជ្ជមាន) ប្រៀបដូចប៉ូលបូក និងដកដូច្នោះដែរ។
ក្រុមវិជ្ជមាន(ស្លូត) សម្តៅលើសកម្មភាពស្លូតៗ សប្បុរស ចូលចិត្តកិច្ចការណាដែលមិនប្រជែង ស្មោះត្រង់ និងមិនសម្លឹងរកជម្លោះ។ ពួកគាត់រួមមាន៖
- CHIEF
- SIX HARMONY
- NINE EARTH
- NINE HEAVEN
- GREAT MOON
ក្រុមអវិជ្ជមាន(កាច) សម្តៅលើសកម្មភាពលឿនៗ កាចៗ ប្រកួតប្រជែងខ្ពស់ ចូលចិត្តល្បិចកល ពូកែឈ្លោះជាដើម។ ពួកគាត់រួមមាន៖
- BLACK TORTOISE
- SURGING SNAKE
- GRAPPLING HOOK
- WHITE TIGER
- RED PHOENIX
យើងនឹងចូលមើលអំពីឥរិយាបទ ឬឫទ្ធិរបស់អាទិទេពនិមួយនៅអត្ថបទបន្ទាប់។