ស្វែងរកឯកសារ
តាមពិតទៅពាក្យថា ហុងស៊ុយ គឺជាពាក្យរបស់ចិនដែលសូរដើមគេហៅថា ហ្វឹងស៊ួយ ដែលបានមកពីការផ្សំគ្នារវាងពាក្យ ហ្វឹង(風) មានន័យថា ខ្យល់ និងពាក្យ ស៊ួយ(水) មានន័យថា ទឹក ។ គេបានយកពាក្យ ហុងស៊ុយ នេះមកប្រើ ព្រោះដោយសារជំនឿមួយថា ទីណាមានខ្យល់ និងទឹក ទីនោះនឹងមានជីវិត និងបរិយាកាសស្រស់បំព្រង។ ហើយសូរនៃការហៅអាស្រ័យទៅតាមតំបន់ ជនជាតិ និងការនិយមហៅតគ្នា។
ហុងស៊ុយ គឺជាក្បួនខ្នាតរបស់បុរាណចិនដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ វាត្រូវបានគេប្រើប្រាស់ក្នុងការរៀបចំភូមិឋាន នគរ ទីក្រុង ការងាររកស៊ី សឹកសង្គ្រាម ទុកដាក់របស់ និងការប្រើប្រាស់ផ្សេងៗរាប់ពាន់ជំពូក។ ហុងស៊ុយក៏អាចព្យាករណ៍នូវបាតុភូតដែលនឹងកើតមានឡើង ក៏ដូចជាខ្សែជីវិតរបស់មនុស្សម្នាក់ៗ ព្រមទាំងគូសចេញនូវវិធីកែរខៃវាសនាបានដែរ។
ត្បិតហុងស៊ុយមានប្រភពចេញពីប្រទេសចិនពិតមែន តែមិនមែនមានន័យថា ប្រជាជនចិនទាំងអស់សុទ្ធតែមានជំនឿលើហុងស៊ុយទាំងអស់នោះទេ ហើយក៏មិនមែនមានន័យថា មានតែប្រជាជនចិនទេ ដែលមានជំនឿងលើវា ព្រោះមានប្រជាជនសាសន៍ដទៃក៏មានជំនឿលើហុងស៊ុយផងដែរ។ សូម្បីតែលោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏មានគ្រូហុងស៊ុយផ្ទាល់ខ្លួនសម្រាប់កិច្ចការងាររកស៊ីរបស់គាត់ផងដែរ។
ការរៀបហុងស៊ុយកន្លងមកមិនសូវជាទូលំទូលាយនោះទេ ព្រោះពីបុរាណកាលមក ការរៀបហុងស៊ុយមានតម្លៃថ្លៃ ហើយវាសម្រាប់តែគ្រួសាររាជវង្ស រាជការ និងអភិជនខ្ពង់ខ្ពស់ប៉ុណ្ណោះ។ តែមកដល់ពេលបច្ចុប្បន្ន ដោយសារភាពជឿនលឿន និងវប្បធម៌នៃការចែករំលែក គ្រួសារដែលមានជីវភាពមធ្យមក៏អាចទៅទទួលសេវាប្រឹក្សាជាមួយគ្រូហុងស៊ុយ ដើម្បីរៀបចំភូមិឋាន និងការងាររកស៊ីរបស់ខ្លួនបានដែរ។ ហើយអ្នកខ្លះទៀតក៏បានចុះឈ្មោះរៀន ដើម្បីដឹងពីវិធីលើកស្ទួយជោគជតារាសីរបស់ខ្លួន បងប្អូន និងក្រុមគ្រួសារផងដែរ។
ស្របតាមការបកស្រាយត្រួសៗខាងលើ អ្នកប្រហែលជាអាចយល់បានខ្លះហើយថា អ្វីទៅជាហុងស៊ុយ និងហេតុអ្វីបានជាយើងត្រូវរៀនហុងស៊ុយ។ តែទោះជាយ៉ាងណា វាអាស្រ័យទៅលើការជឿជាក់របស់ប្អូនផងដែរ។
ហុងស៊ុយមិនមែនជាវេទមន្ត តែហុងស៊ុយជាឧបករណ៍សម្រាប់ជួយសម្រួលវិថីជីវិតរបស់អ្នកអោយកាន់តែល្អប្រសើរ។
ជូនពរជោគជ័យគ្រប់ភារកិច្ចការងារ!
ពីខ្ញុំ
ជាំង វៃជឺ
រួមគ្នាប្រឆាំងការចម្លងសំណេរដើម។
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ