កុមារាយ៉ាង
តើអ្នកធ្លាប់លឺគេថាអោយយកក្មេងទៅជាមួយបើអ្នកទៅរកទិញផ្ទះឬដីអីទេ? វាគឺជាជំនឿមួយក្នុងគម្ពីសាសនាតៅ(TAOISM) ដែលបានបញ្ជាក់ថា កុមារមានញាណពិសេសមួយដែលអាចដឹង និងឃើញនូវវិញ្ញាណឬឋាមពលដែលមនុស្សធំមិនដឹងនិងមិនឃើញ ជាពិសេសកុមារា។ ដំណើររឿងនិយាយអំពីក្បួននេះគឺវាវែងឆ្ងាយណាស់ តែបើបងប្អូនកំពុងឬនឹងចេញទៅរកមើលទិញផ្ទះឬដី ខ្ញុំសូមសង្ខេបនូវការប្រើប្រាស់ដូចខាងក្រោម៖ ១. យកកុមារា(ប្រុស)ម្នាក់ដែលមានវ័យក្រោម៧ឆ្នាំទៅជាមួយ ឬកាន់តែប្រសើរបើចេះមើលប៉ាជឺ គួររកកុមារាណាដែលមានតួរាសីថ្ងៃ យ៉ាង (Yang Day Master)(មិនគិតធាតុ) ឧទាហរណ៍៖ ទឹកយ៉ាង ដីយ៉ាង..។២. ចំណាយពេលប្រហែល២០នាទីនៅទីកន្លែងនោះ ហើយសង្កេត៖២.១ បើកុមារានោះលេង ឬធ្វើអ្វីផ្សេងៗដោយចិត្តសប្បាយរីករាយ មានន័យថា កន្លែងនោះមិនមានឋាមពលអាក្រក់ទេ២.២ បើកុមារានោះយំ ឬឈើបត់ជើង ឬស្រេកទឹក មានន័យថា កន្លែងនោះមានឋាមពលអាក្រក់អ្វីមួយហើយ មិនគប្បីទិញយកកន្លែងនោះទេ។ កុមារាដែលមានធាតុយ៉ាងបរិសុទ្ធងាយនឹងទទួលអារម្មណ៍ពាក់ព័ន្ធឋាមពលអាក្រក់ណាស់ ហើយវាក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលប្រជាជនចិនចង់បានកូនប្រុស។ ទោះយ៉ាងណា គ្រប់យ៉ាងគឺអាស្រ័យទៅលើជំនឿរបស់បងប្អូនផងដែរ! សូមជូនពរអោយបងប្អូនទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច!********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
រុក្ខជាតិមានបន្លា
កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានចេញអត្ថបទខ្លីមួយដែលមានខ្លឹមសារថា៖មិនហ៊ានដាំប្រទាលបន្លាតូចៗ ព្រោះខ្លាចខុសហុងស៊ុយ តែបែរជាទៅទិញដើមល្មើរមកដាំមុខផ្ទះវិញ បន្ទាប់ពីបង្ហោះរួច មានបងប្អូនយើងបានស្នើរសុំអោយខ្ញុំជួយបកស្រាយ។ ដោយថ្ងៃនេះមានចិត្តស្រឡះល្អនិងទំនេរដៃបន្តិច ក៏សូមបកស្រាយបែបសាមញ្ញដូចខាងក្រោម៖ ក្នុងហុងស៊ុយ គេកំណត់ចំណាំថា វត្ថុដែលមានជ្រុងស្រួចអាចនឹងបង្ករអោយមានសាឈី (ឋាមពលអាក្រក់ឬឋាមពលអវិជ្ជមាន)ដែលនាំអោយមានបញ្ហាមកដល់យើងដែលនៅចំមុខជ្រុងស្រួចនោះ មិនថាវាជាជ្រុងផ្ទះ ជ្រុងតុទូ ជ្រុងដំបូលផ្ទះគេចាក់មកផ្ទះយើង ជ្រុងស្លាកយីហោហាង ឬជ្រុងរុក្ខជាតិ(រួមបញ្ចូលទាំងបន្លាស្រួច)នោះទេ គឺមានផលរំខានពីឋាមពលអាក្រក់មកទាំងអស់។ បើយើងគិតតាមបែបសង្គមរស់នៅវិញ ជ្រុងស្រួចងាយនឹងធ្វើអោយយើងមុតរបួស ប៉ះតែបន្តិចគឺមុតឬរងរបួសហើយ មិនថាជ្រុងតុ ជ្រុងជញ្ជាំងទេ ឬបន្លាទេ។ ហេតុនេះហើយទើបគេប្រាប់យើងកុំអោយមានវត្ថុដែលមានជ្រុងស្រួច ឬបន្លានៅមុខឬក្នុងផ្ទះ។ មនុស្សឬសត្វក៏មិនសូវចូលចិត្តកន្លែងមានបន្លាដែរព្រោះវាមិនរមនាដល់ការរស់នៅ។ ការដាំប្រទាលដែលមានបន្លា វានឹងមានផលរំខានពីឋាមពលអាក្រក់បើសិនជាវាមានទំហំធំ ឬដាក់តាំងនៅកន្លែងដែលងាយនឹងប៉ះពាល់ដល់មនុស្ស។ បន្លាតូចៗរបស់ប្រទាលវាមិនបង្ករអោយមានផលរំខានធំដំុទេ បើយើងមិនទៅប៉ះមុតវា ដូច្នេះបងប្អូនដែលនិយមដាំប្រទាលតូចៗដែលមានបន្លាមិនគួរបារម្ភខ្លាំងពេកទេ។ ចំណែកឯដើមល្មើរ ដើមត្នោត ឬដើមឈើផ្សេងៗដែលមានបន្លាអមដើមឬធាង ដរាបណាវាមិននៅទទឹងផ្លូវ ចំមុខទ្វាចូលផ្ទះ បាំងមុខផ្ទះ ទើសទែងការចេញចូល ក៏មិនមានផលរំខានខ្លាំងដែរ។ បើយើងនៅមន្ទិលថា ដើមល្មើរនាំស៊យ ចូរនាំគ្នាមើលថៅកែរចំការល្មើរ និងតម្លៃផ្លែល្មើរ ចំនុចដែលគួរពិចារណានោះគឺថា បើគេយកលុយមកអោយ ហើយគេគ្រាន់តែឈានជើងមកដល់មាត់ទ្វាផ្ទះស្រាប់តែមុតបន្លាឬទើសមែកឈើស្កេកស្កះ តើគេសប្បាយចិត្តនឹងនាំលាភមកអោយទៀតឬទេ? មុខផ្ទះដូចមុខមាត់របស់មនុស្សយើងដូច្នេះដែរ បើស្រស់ស្អាត មានរបៀប និងមិនបំភ័យគេទេ នោះមនុស្សគ្រប់គ្រានឹងចង់រាប់អាន។ សូមជូនពរអោយបងប្អូនទាំងអស់រួចផុតពីជម្ងឺកូវីដ១៩
ជំនឿខែខ្មោច (សែនក្បាលទឹក)
ខែ៧ ក្នុងប្រតិទិនច័ន្ទគតិចិន ជាខែដែលប្រជាជនចិននិយមតាមជំនឿហៅថាជា ខែខ្មោច ព្រោះវាជាវេលាដែលគេបើកទ្វានរកអោយវិញ្ញាណក្ខន្ទអ្នកស្លាប់ហើយមិនទាន់បានចាប់កំណើតចេញមកទទួលយកសំណែនដែលសាច់ញាតិនៅរស់សែនអោយ ឬសប្បុរសជនទាំងឡាយដែលមានសទ្ធារសែនអោយខ្មោចអនាថា។ រដូវកាលខែខ្មោចសម្រាប់ឆ្នាំ២០២១នេះ ចាប់ផ្តើមពីថ្ងៃទី៨ ខែសីហា រហូតដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។ ដូច្នេះចាប់ពីវេលាចូលថ្ងៃទី៨សីហារហូតទៅ គឺទ្វានរកចាប់ផ្តើមបើកអោយវិញ្ញាណទាំងឡាយចេញមករកសំណែនដែលគេសែនអោយហើយ។ ជាក់ស្តែងថ្ងៃសែនក្បាលទឹកសម្រាប់ឆ្នាំ២០២១នេះ គឺធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ហើយវាគឺជាថ្ងៃដែលទ្វានរកបើកធំជាងគេ ដើម្បីអោយវិញ្ញាណខ្មោចទាំងអស់ចេញមកស្ថានមនុស្សលោកដើម្បីទទួលយកសំណែន។ បណ្តាំ៖យើងខ្លាចខ្មោច យើងក៏ត្រូវតែខ្លាចកូវីដជាងខ្មោចទៀត! ក្នុងខែខ្មោចនេះផងដែរ តាមជំនឿរបស់ប្រជាជនចិនគេនិយមមានតំណមមួយចំនួនដូចខាងក្រោមដើម្បីជៀសហេតុភេទអាក្រក់កើតឡើង៖១. បើមិនចាំបាច់ មិនគួរនៅក្រៅផ្ទះចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹកឡើយ (ឬក្រោយថ្ងៃលិចរហូតដល់មុនថ្ងៃរះ) ព្រោះជាវេលាខ្មោចចេញដំណើរ២. ហាមប៉ះពាល់ បើកបរកិន ឬដើររំលង សំណែនដែលមាននៅតាមផ្លូវឡើយ ព្រោះអាចប៉ះពាល់ដល់វិញ្ញាណខ្មោចដែលកំពុងស៊ីសំណែន៣. ហាមធ្វើដំណើរផ្លូវឆ្ងាយ៤. ហាមសម្លាប់សត្វល្អិតដែលហើរចូលមកនៅក្នុងផ្ទះ ព្រោះមានជំនឿថាវិញ្ញាណរបស់សាច់ញាតិនឹងកើតជាសត្វល្អិតមកលេង៥. ហាមដោតចង្កឹះបញ្ឈរលើចានម្ហូប ព្រោះអាចធ្វើអោយខ្មោចយល់ច្រឡំថាជាសំណែនហើយខឹងនឹងយើង៦. ហាមលាបក្រចកពណ៌ខ្មៅនិងក្រហម ព្រោះខ្មោចចូលចិត្តពណ៌២នេះ៧. ហាមចូលនៅផ្ទះថ្មី បើកហាងថ្មី ចុះកុងត្រាថ្មី រៀបអាពាហ៍ពិពាហ៍ ទិញរបស់ថ្មី ជួសជុលផ្ទះ.. ព្រោះខ្លាចខ្មោចតាមមកនៅជាមួយ៨. ហាមយំពេលយប់ ព្រោះខ្មោចចូលចិត្តមនុស្សទន់ខ្សោយ៩. ហាមឆ្លើយតបនឹងសម្លេងគេហៅពីក្រោយ១០. ហាមងាកក្រោយបើមានអ្នកណាគោះស្មាពីក្រោយ១១. ហាមស្លន់ស្លោរនិងងាកក្រោយ បើភ្លាមៗមានអារម្មណ៍ថា ត្រជាក់ស្រឹប១២. ហាមនិយាយអំពីខ្មោច ឬបន្លាចគ្នា ឬលេងល្បែងខ្មោច១៣. ហាមព្យួរខោអាវក្រៅផ្ទះពេលយប់១៤. ហាមអង្គុយមើលល្ខោន មើលកុន.. នៅជួរមុខគេបង្អស់១៥. ហាមបើកឆ័ត្រចោលពេលយប់១៦. ហាមហួចពេលយប់១៧. ហាមរើសលុយឬរបស់របរតាមផ្លូវ១៨. ហាមលេងទឹកទន្លេ ឬសមុទ្រ១៩. ហាមធ្វើកម្មវិធីជប់លៀងពេលយប់២០. ហាមព្យួរកណ្តឹងខ្យល់ក្នុងផ្ទះ២១. ហាមថតរូបពេលយប់២២. ហាមនៅមើលទូរទស្សន៍ឬនិយាយទូរស័ព្ទយប់ពេក បើគិតពីជំនឿនិងបំរាម គឺនៅមានច្រើនជាងនេះទៀតតាមតំបន់និមួយៗ។ ជួនកាលខ្មោចវាមិនមកធ្វើអីយើងផ្ទាល់ទេ តែវាដាក់បណ្តាសារអោយអ្នកបំពានអោយកើតរោគនានាផងដែរ ជាពិសេសកូវីដ១៩ដ៏គ្រោះថ្នាក់។ គួរយកវត្ថុស័ក្តិសិទ្ធិតាមខ្លួនជាប់ជានិច្ចបើចាំបាច់ត្រូវចេញក្រៅផ្ទះពេលយប់។ ហើយការប្រយ័ត្ននេះផងដែរក៏គួរធ្វើនៅវេលាកាន់បិណ្ឌមួយរហូតដល់បុណ្យភ្ជុំបិណ្ឌចប់ ព្រោះរដូវកាលខែខ្មោចរបស់វប្បធម៌ចិន ក៏ដូចនឹងរដូវកាលបិណ្ឌខ្មែរយើងដែរ។ គួរមានដើមទទឹមនៅមុខទ្វាផ្ទះដើម្បីកំចាត់ចោលនូវរាល់ធាតុអាក្រក់! បើមានសមាជិកគ្រួសារទើបត្រឡប់មកពីដំណើរឆ្ងាយ ចូរយកស្លឹកទទឹមលាយទឹកអំបិលប្រោះលើបុគ្គលនោះ ឬដើរកន្លងភ្លើងមុនចូលផ្ទះ! ទោះយ៉ាងណា ទាំងនេះជាជំនឿតគ្នា ហើយវាអាស្រ័យទៅលើការជឿរបស់បងប្អូន! សូមប្រកាន់ខ្ជាប់នូវវិធាន ៣កុំ និង៣ការពារ ដើម្បីក្រុមគ្រួសារ និងសង្គមយើងទាំងមូល។ សូមជូនពរនូវសំណាងល្អគ្រប់ពេលវេលា! ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ (រូបភាព៖ អ៊ិនធឹណេត)
តើពេលណាចប់កូវីដ?
មានសំនួរដ៏ពេញនិយមមួយដែលបងប្អូនយើងភាគច្រើនតែងសួរមកខ្ញុំ។ សំនួរ៖ តើពេលណាបានចប់កូវីដ១៩? ចម្លើរបស់ខ្ញុំនោះគឺ៖ បើសួរថាចប់កូវីដពេលណា នោះខ្ញុំគ្មានចម្លើយទេ។ តែបើសួរថា តើមនុស្សអាចគ្រប់គ្រងកូវីដបានពេលណា ខ្ញុំគិតថាប្រហែលជាចូលដល់យុគទី៩ពេញលេញទើបយើងអាចគ្រប់គ្រងវាបានទាំងស្រុង។ នៅពេលនោះទោះបីជាវានៅឆ្លងដល់មនុស្ស ក៏យើងនឹងមិនប្រឈមខ្លាំងដូចពេលនេះដែរ ព្រោះយើងនឹងមានថ្នាំវ៉ាក់សាំងនិងព្យាបាល បានប្រសើរច្រើនជាងពេលនេះ។ បងប្អូនយើងភាគច្រើនសួរតែសំនួរថា ៉តើពេលណាចប់កូវីដ? ៉ តែមិនមានអ្នកណាម្នាក់សួរសំនួរថា ៉តើខ្ញុំអាចធ្វើអ្វីខ្លះក្នុងអំឡុងពេលកូវីដ? ៉ទេ។ កូវីដ១៩ វាមិនមែនត្រឹមតែជាជម្ងឺនោះទេ តែវាជាសញ្ញាដាស់តឿនដល់មនុស្សយើងក្នុងការកែរប្រែរបបនិងទម្លាប់រស់នៅ កែរប្រែការគិត កែរប្រែឥរិយាបទនានាដែលបំផ្លាញដល់ផែនដីនិងមនុស្សជាតិខ្លួនឯង… និងជាសញ្ញាអោយយើងស្វែងរកជំនាញថ្មីៗ ដើម្បីរស់នៅក្នុងសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែង។ ឧទាហណ៌៖ ១. មានហាងលក់បាយមួយ បើគាត់មិនផ្លាស់ប្តូរការផ្តល់សេវាដល់អតិថិជនតាមរយៈការដឹកជញ្ជូនម្ហូបអាហារដល់កន្លែងនោះទេ អាជីវកម្មរបស់គាត់ប្រហែលជាប្រឈមមុខនឹងការដួលបះជើងបាត់ទៅហើយ ព្រោះមិនសូវមានអតិថិជនចេញទៅហូបនៅហាងដូចមុនទៀតទេ។ ២. ក្រុមហ៊ុនដែលមានដៃគូអាជីវកម្មនៅឆ្ងាយ បើគេមិនផ្លាស់ប្តូរឥរិយាបទទំនាក់ទំនងដោយប្រើការប្រជុំអនឡាញទេ ក្រុមហ៊ុននោះក៏នឹងប្រហែលដួលបះជើងដែរ ព្រោះការធ្វើដំណើរទៅប្រជុំមិនមែនងាយដូចមុនទៀតឡើយ។ ទាំងនេះគ្រាន់តែជា ឧទាហរណ៍តូចៗសម្រាប់ដាស់តឿនបងប្អូនអោយភ្ញាក់ខ្លួន និងឆ្លៀតរៀនយកជំនាញថ្មីៗបន្ថែមលើជំនាញដែលមានស្រាប់ដើម្បីពង្រឹងការងារអាជីពក៏ដូចជាអាជីវកម្មរបស់ខ្លួន។ ហើយជំនាញថ្មីនោះ គឺជាជំនាញដែលមាននៅក្នុងធាតុភ្លើង។ អ្នកខ្លះប្រហែលជាកំពុងវង្វេងឬរកចាប់ចំនុចចាប់ផ្តើមនៃការឈានចូលចាប់យកជំនាញដែលមាននៅក្នុងធាតុភ្លើងនៅឡើយ ហើយអ្នកខ្លះទៀតក៏បានចាប់ផ្តើមប្រមូលលុយចំណេញពីវារួចទៅហើយដែរ។ សូមប្រកាន់ខ្ជាប់នូវវិធាន ៣កុំ និង៣ការពារ ដើម្បីក្រុមគ្រួសារ និងសង្គមយើងទាំងមូល។ សម្រាប់សេវាប្រឹក្សាពាក់ព័ន្ធនឹងខាងលើ សូមទាក់ទងមកខ្ញុំតាមរយៈប្រអប់សារផេករៀនហុងស៊ុយ ឬតេលេក្រាម៖ +855 8168 2258។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
គ្រែគេង
ថ្មីៗនេះមានបងប្អូនយើងមានសំនួរច្រើនពាក់ព័ន្ធនឹងគ្រែគេង តើគ្រែបែបណាល្អ? តើគ្រែធ្វើអំពីអ្វីល្អជាងគេ? តែគ្រែពណ៌អ្វីល្អជាងគេ? .. គ្រែគេង គឺជាកន្លែងដែលត្រូវរៀបចំអោយល្អ ព្រោះយើងត្រូវចំណាយពេលជាច្រើនជាមួយគ្រែ ហើយគ្រែគឺជាកន្លែងដែលធ្វើអោយយើងសម្រាកកាយនិងសម្រាកចិត្តផងដែរ។ គ្រែដែលល្អជាងគេ គឺប្រភេទគ្រែដែលមិនអឹបជាប់នឹងឥដ្ឋ មានន័យថា គ្រែដែលមានចន្លោះខ្យល់ចេញចូលខាងក្រោមបាន គឺជាគ្រែដែលល្អជាងគេ។ បើគិតតាមក្បួនហុងស៊ុយ គឺយើងត្រូវទុកចន្លោះដើម្បីអោយមានខ្យល់ដែលជាឋាមពលឈីអាចបំលាស់ទីបានទាំងលើនិងក្រោមគ្រែ។ តែបើយើងគិតតាមវេជ្ជសាស្ត្រ គឺយើងត្រូវការបោសសំអាតក្រោមគ្រែអោយបានស្អាត បើមិនដូច្នេះទេ នឹងមានកើតកូនសត្វល្អិតឬធូរលីនៅក្រោមគ្រែដែលអាចនាំអោយមានបញ្ហាសុខភាពបាន។ គ្រែចាំបាច់ត្រូវមានក្បាលគ្រែរឹងមាំ តែក្បាលគ្រែនោះមិនមែនជារូបភាពស្កេកស្កះ រូបភាពស្មុគ្រស្មាញ និងមានជាលក្ខណៈទូតាំងឡើយ។ គ្រែសាងអំពីអ្វី មិនសំខាន់ដូចអ្នកមានលទ្ធភាពទិញគ្រែណាដែលស្រឡាញ់នោះទេ។ គ្រែគួរមានពណ៌រាងស្រអាប់ ឬធាតុយិនអោយបានច្រើន ព្រោះយើងត្រូវការឋាមពលយិនដើម្បីអោយរាងកាយយើងសម្រាកបានស្កប់។ បើអ្នកមានគ្រែប្រអប់រួចទៅហើយ ក៏ប្រើទៅបើមិនមានលទ្ធភាពប្តូរថ្មីទេ តែត្រូវធ្វើអនាម័យជាប្រចាំ! សូមអានមេរៀនបន្ទប់គេង សម្រាប់ចំណេះដឹងបន្ថែម៖ មេរៀនទី ២៣៖ បន្ទប់គេង ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
មេរៀនទី ២៧៖ តុបាយ
តុបាយដែលមានហុងស៊ុយល្អជាងគេ គឺតុមូល (មិនថាវាសាងអំពីអ្វីឡើយ) ព្រោះវាមានឥទ្ធិពលជួយពង្រឹងទំនាក់ទំនងល្អរវាងសមាជិកក្រុមគ្រួសារ និងសុភមង្គល ដោយសារវាបង្ករភាពងាយស្រួលអោយក្រុមគ្រួសារបានឃើញមុខគ្នាល្អ ហើយក៏ងាយដួសម្ហូបអាហារផងដែរ។
មេរៀនទី ២៦៖ ទីតាំងបង្គន់
កាលពីដើមឡើយ តាមទំនៀមទំលាប់របស់ខ្មែរយើង បង្គន់ត្រូវបានចាត់ទុកថាជាកន្លែងស្មោគគ្រោក ព្រោះជាកន្លែងដែលយើងបន្ទោរបង់ដែលមានកន្លែងឆ្អេះឆ្អាប។ បង្គន់ច្រើនគេសង់អោយនៅក្រោយផ្ទះ ឬមានគម្លាតឆ្ងាយពីផ្ទះ ដើម្បីជៀសវាងមានក្លិនឆ្អេះឆ្អាបមកដល់ផ្ទះ។ បើអ្នកដែលមានវត្ថុស័ក្តិសិទ្ធិតាមខ្លួនទៀត នោះគេតមមិនអោយយកវត្ថុស័ក្តិសិទ្ធិនោះចូលទៅបង្គន់ទេ។ ប្រជាជនចិនក៏ដូចជាប្រជាជនដទៃនៅអាស៊ីយើងក៏មានជំនឿប្រហាក់ប្រហែលគ្នាផងដែរ។ មកដល់សម័យបច្ចុប្បន្ន ផ្ទះសម័យថ្មីគេសង់បង្គន់បានល្អប្រសើរជាងមុន ហើយបង្គន់ខ្លះស្អាតជាងបន្ទប់គេងរបស់យើងទៀតផង។ យ៉ាងណាម៉ិញ គេមានបម្រាមមួយចំនួនសម្រាប់ការសង់ឬការកំណត់ទីតាំងបង្គន់ និងអាងមុជទឹក ដែលមានរៀបរាប់ដូចនៅខាងក្រោម៖១. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើទ្វាធំចូលផ្ទះ២. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើចង្ក្រានបាយ៣. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើគ្រែគេង៤. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើបន្ទប់ហូបបាយ៥. ហាមសាងសង់បង្គន់ឬអាចមុជទឹកដែលមានជណ្តើរឡើងឬចុះបុកចំ ៦. ហាមសាងសង់ទ្វាចូលបន្ទប់គេងបុកចំទ្វាបង្គន់៧. ហាមដាក់ក្បាលដំណេកបែរចំជញ្ជាំងបង្គន់ វាជាការដែលគួរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះករណីដែលចានបង្គន់ឬអាងមុជទឹក(បាញ័រ)នៅចំពីលើចំណុចដែលបានរៀបរាប់ខាងលើ។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
តើអ្នកដឹងទេ? (វគ្គ៤)
ក្រោយពីខ្ញុំបានបង្ហោះអត្ថបទមួយក្នុងជំពូក តើអ្នកដឹងទេ?(វគ្គ២) ដែលនិយាយអំពីអាជីវកម្មដែលល្អនៅយុគទី៩រួចមក មានបងប្អូនយើងបានចោទជាសំនួរមកខ្ញុំថា ហេតុអ្វីបានជា ចិត្តវិទ្យា ត្រូវបានចាត់បញ្ចូលទុកទៅក្នុងធាតុភ្លើងដែរ? ចិត្តវិទ្យា គឺសំដៅទៅលើការណែរនាំនិងការប្រឹក្សាដំណោះស្រាយដល់អ្នកដែលមានវិបត្តិ។ មនុស្សដែលមានវិបត្តិ ច្រើនហាក់ដូចជាវង្វេងនៅក្នុងភាពងងឹតមួយដែលមិនដឹងកោះត្រើយឬពន្លឺដំណោះស្រាយសោះឡើយ។ គាត់តែងគិតអ្វីមិនលេច ចាប់អ្វីក៏ខុស ព្រោះគាត់កំពុងនៅក្នុងភាពងងឹត។ ស្ថានភាពបែបនោះហើយ ដែលបង្ហាញអោយឃើញថា គាត់ត្រូវការពន្លឺ ដើម្បីបំភ្លឺរកដំណោះស្រាយ ហើយពន្លឺគឺជាធាតុភ្លើង។ *************************************រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
មេរៀនទី ២៥៖ អាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី
ផ្ទះសម័យទំនើបដែលមានតម្លៃថ្លៃជាច្រើននាពេលបច្ចប្បន្ននេះ ច្រើនមានហាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី ដើម្បីបង្កើនសោភ័ណ្ឌភាពដល់ផ្ទះនេោះ។ តាមក្បួនហុងស៊ុយ ត្បិតទឹកអាចប្រមូលផ្តុំឋាមពលឈីល្អៗក៏ពិតមែន តែបើយើងរៀបចំមិនត្រឹមត្រូវទេ វានឹងនាំអោយយើងនូវបញ្ហាជាច្រើន ទាំងលុយកាក់ ទាំងសុខភាព និងអាចទាំងមានគ្រោះថ្នាក់ទៀតផង។ ថ្ងៃនេះយើងមកមើលថា តើការរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី គួរពិចារណាលើចំណុចអ្វីខ្លះ៖១. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី ពាក់កណ្តាលក្នុងផ្ទះ ពាក់កណ្តាលក្រៅផ្ទះ ព្រោះវានឹងនាំអោយមានបញ្ហាដល់សមាជិកគ្រួសារឬមានបញ្ហានានាទៅតាមឥទ្ធិពលរបស់ទិសនោះ២. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី នៅចំកណ្តាលផ្ទះ ព្រោះកណ្តាលផ្ទះគឺជាបេះដូងរបស់ផ្ទះ ដែលអាចនាំអោយមានការស្លាក់ឋាមពលឈី៣. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី នៅជាន់លើដែលមានទីតាំងនៅលើទ្វាចូលផ្ទះ ព្រោះវានឹងនាំអោយបាត់បង់ទ្រព្យ ឬក្ស័យទុនធ្ងន់ធ្ងរ។៤. ហាមរៀបចំទឹកធ្លាក់នៅក្នុងផ្ទះ ព្រោះវាអាចនឹងបង្ករអោយមានសម្លេងខ្ទរខ្លាំងដែលបង្កើតជាឋាមពលមិនល្អ។ តែបើសិនជាទឹកធ្លាក់នោះមិនមានសម្លេងរំខានខ្ទរខ្លាំងទេ វាមិនអីនោះទេ។៥. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី នៅក្រោមជណ្តើរ ព្រោះវានឹងបណ្តាលអោយឋាមពលល្អៗស្លាក់ឋាមពលល្អ។៦. ការរៀបចំទូកញ្ចក់ចិញ្ចឹមត្រី គួរមានសមាមាត្រសមរម្យទៅនឹងបន្ទប់ដែលយើងរៀបចំ ដើម្បីកុំអោយមានធាតុទឹកលើសហួសប្រមាណ។ ហើយការរៀបចំនេះផងដែរ ក៏គួរពិចារណាទៅលើទិសដែលត្រូវនឹងធាតុទឹកផងដែរ។៧. អាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី ត្រូវតែមានអនាម័យ និងស្អាតជានិច្ច ហើយទឹកត្រូវមានចលនាបែបស្រទន់ មិនមានរលកខ្លាំងៗ។៨. ជាទូទៅ ការដាក់តាំងត្រីនៅក្នុងអាង/ទូចិញ្ចឹមត្រី មិនមានកំណត់ចំនួនត្រីថាត្រូវដាក់ប៉ុន្មានក្បាលនោះទេ តែយើងត្រូវសិក្សាលើប្រភេទពូជត្រីនិងដង់ស៊ីតេបរិមាណត្រីដែលគួរដាក់នៅក្នុងកន្លែងចិញ្ចឹមរបស់យើង។ ជំនឿ៖ តាមជំនឿក្រៅហុងស៊ុយ គេនិយមមានចិញ្ចឹមត្រីខ្មៅមួយក្បាលនៅក្នុងចំណោមត្រីពណ៌ដទៃ ដើម្បីស្រូបទាញយកនូវហេតុភេទអាក្រក់នានាកុំអោយកើតមានឡើងដល់ម្ចាស់ផ្ទះ និងអ្នកស្នាក់នៅជាមួយ។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
មេរៀនទី២៤៖ ជណ្តើរផ្ទះ
បន្ទាប់ពីបន្ទប់គេង យើងមកមើលពីជណ្តើរផ្ទះម្តង ថាតើជណ្តើរបែបណាដែលគួរមាន និងជណ្តើរបែបណាដែលមិនគួរមាន។ ជណ្តើរមានតួនាទីសំខាន់ក្នុងការប្រមូលផ្តុំឋាមពលទៅកាន់ជាន់ខាងលើនៃផ្ទះរបស់យើង។ បើជណ្តើរនោះរៀបមិនបានល្អនោះទេ ផ្ទះរបស់យើងនៅជាន់ខាងលើក៏មិនមានឋាមពលល្អឡើងទៅដល់នោះដែរ។ តោះយើងមកមើលប្រភេទ និងទីតាំងជណ្តើរដែលល្អ និងមិនល្អទាំងអស់គ្នា៖ ១. មិនគួរមានជណ្តើរដែលស្ថិននៅចំកណ្តាលផ្ទះឡើយ ព្រោះវាអាចប៉ះពាល់ដល់ការប្រមូលផ្តុំឋាមពលល្អៗនៅក្នុងផ្ទះ។ ហើយបើអ្នកមានជណ្តើរនៅកណ្តាលផ្ទះនោះ ភាគច្រើនអ្នកនឹងមានអារម្មណ៍មួម៉ៅ ឆាប់ខឹង និងតប់ប្រម៉ល់។ ២. មិនគួរមានជណ្តើរ២ទន្ទឹមគ្នាឬស្របគ្នាឡើយ ព្រោះវាធ្វើអោយឋាមពលល្អៗចែកជា២។ ជាទូទៅអ្នកដែលនៅផ្ទះជាន់លើនឹងមានបញ្ហាបែកបាក់គ្រួសារ។ ៣. មិនគួរមានជណ្តើរនៅលើមាត់ទ្វាចូលផ្ទះឡើយ ព្រោះជណ្តើរនឹងផ្តល់សម្ពាធដល់ឋាមពលល្អដែលបំរុងនឹងចូលផ្ទះ។ ផ្ទះបែបនេះនឹងរកស៊ីមិនមានបានសល់លុយកាក់ ហើយក៏មិនសូវមានសេចក្តីសុខដែរ។ ៤. មិនគួរមានជណ្តើរដែលឡើងឬចុះទៅបុកចំទ្វាបន្ទប់ឡើយ ព្រោះកម្លាំងឋាមពលបុកចំខ្លាំងពេកដែលនាំអោយអ្នកនៅក្នុងបន្ទប់នោះមានបញ្ហាសុខភាព និងមានបញ្ហាក្នុងការទំនាក់ទំនង។ គេតម្រូវអោយមានធ្លាទូលាយមួយសិនមុននឹងដល់ទ្វាបន្ទប់។ ៥. គួរមានជណ្តើរដែលឡើងមានថ្នាក់ឬបត់មួយតង់ឬ២តង់ កុំអោយវាត្រង់ឡើងទៅខ្ពស់រហូតពេក ព្រោះកម្លាំងឋាមពលត្រូវការកន្លែងប្រមូលផ្តុំសិនមុននឹងឡើងទៅមួយជាន់ទៀត។ ៦. គួររៀបជណ្តើរផ្ទះដែលមិនបែរចំមាត់ទ្វាចូលផ្ទះ ព្រោះកម្លាំងឋាមពលត្រូវការប្រមូលផ្តុំក្នុងផ្ទះសិនទើបវាឡើងទៅជាន់លើ។ បញ្ជាក់៖ សម្រាប់ជណ្តើរវិល ហាមដាច់ខាតនៅចំកណ្តាលផ្ទះ ព្រោះវាដូចជាវីសដែលខួងចាក់ចំបេះដូងផ្ទះដូច្នេះដែរ។ សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។ ******** រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ