មេរៀនទី ១៦ ៖ របងផ្ទះ
របងផ្ទះគឺជាដែនសីម៉ាការពារភូមិដ្ឋានរបស់យើងទាំងផ្លូវមនុស្ស និងផ្លូវអមនុស្ស។ តើយើងគួរមានរបងបែបណាទើបល្អសម្រាប់យើង? ការពិតទៅ អ្វីដែលយើងស្រឡាញ់ ជានិច្ចកាលគឺតែងតែល្អសម្រាប់យើង។ យ៉ាងណាម៉ិញ ការមានរបងដែលមិនសមគួរអាចនឹងអោយម្ចាស់ផ្ទះនិងសមាជិកគ្រួសារមានបញ្ហាដែលមិននឹកស្មានដល់។ ចំនុចមួយចំនួនដែលយើងគួរដឹងអំពីរបងផ្ទះ៖ ១. មាត់ទ្វារបងគួរបែរមុខទៅរកទិសខ្សល់ចូល ព្រោះវាអាចនាំអោយឋាមពលកម្លាំងធាតុប្រមូលផ្តុំនិងហូរចូលផ្ទះរបស់យើង។ តែការកំណត់ទីតាំងមាត់ទ្វាគួរប្រឹក្សាជាមួយមេរៀនមុនៗដែលបានផ្សាយរួច ព្រោះយើងមិនត្រូវអោយវាមានទីតាំងនៅចំឋាមពលអាក្រក់នោះទេ(ជៀសវាងសាឈី)។ ២. របងដែលមានបន្លាចំរឹងដែកស្រួចៗគួរបែរទៅលើ មិនត្រូវបែរមុខស្រួចចូលផ្ទះឬចាក់ទៅផ្ទះគេទេ។ របងដែលមានបន្លាចំរឹងដែក ឬមានអំបែងកែវស្រួចៗសម្រាប់តែអ្នកដែលត្រូវការធាតុភ្លើងប៉ុណ្ណោះ។ ៣. របងដែលមានស្នាមប្រេះ មិនល្អឡើយសម្រាប់ម្ចាស់ផ្ទះនិងអ្នកដែលស្នាក់នៅក្នុងផ្ទះ។ ៤. បើរបងផ្ទះរបស់អ្នកមានកំពស់ស្ទើរតែស្មើ ស្មើ ឬខ្ពស់ជាងផ្ទះ នោះវានឹងនាំអោយមានការគៀបសង្កត់ទៅលើការប្រមូលផ្តុំឋាមពល ហើយវានឹងរារាំងភាពរីកចម្រើននានាដល់អ្នកដែលរស់នៅក្នុងផ្ទះ។ ៥. របងគៀកនឹងផ្ទះពេកដែលមានចន្លោះពិបាកនឹងដើរបាន(តិចជាងមួយម៉ែត្រ) នឹងបង្អាក់ការប្រមូលផ្តុំឋាមពល ហើយវាក៏នឹងរារាំងភាពរីកចម្រើននានាដល់សមាជិកគ្រួសារផងដែរ។ ៦. ទ្វារបងចូលភូមិដ្ឋានគួរមានតែមួយបានហើយ បើមានពីរហើយទំហំប៉ុនគ្នានោះ វានឹងធ្វើអោយកំលាំងឋាមពលវិលវល់មិនដឹងចូលច្រកណាអោយប្រាកដ។ កត្តានេះនឹងនាំអោយមានការបែកបាក់សាមគ្គីនៃសមាជិកគ្រួសារ ហើយអាចអោយមានអ្នកទីបីចូលមកសម្ព័ន្ធភាពទៀតផង។ ៧. នៅមាត់ទ្វារបងចូលផ្ទះ និងមាត់ទ្វាចូលផ្ទះមានដើមឈើច្រើនជាម្លប់បាំងកំដៅច្រើនពេកដែលបង្ករអោយមានម្លប់ហួសតម្រូវការ នឹងនាំហេតុមិនល្អដល់ក្រុមគ្រួសារ។ ចូរមើលមេរៀនទី ៧៖ ទីធ្លាពន្លឺ។ ៨. មានសំរាមនៅមុខក្លោងទ្វាចូលផ្ទះ ក៏ជាកត្តាមិនល្អសម្រាប់ផ្ទះរបស់យើងផងដែរ។ រាល់ការចេញចូលផ្ទះ យើងតែចង់បានភាពស្រស់ស្រាយ តែចុះបើចេញចូលឃើញតែសំរាមនិងក្លិនមិនល្អវិញនោះ? យើងគួរដឹងទាំងអស់គ្នាហើយ។ បើជៀសមិនរួចទេ ចូររៀបចំសំរាមអោយបានល្អសមរម្យការពារកុំអោយវាជះក្លិននិងមានសភាពរញ៉េរញ៉ៃពេក។ កុំភ្លេចទាញយកកម្មវិធី
មេរៀនទី ១៥ ៖ សណ្ឋានមុខផ្ទះ
ជាទូទៅបងប្អូនយើងដែលមានបំណងចង់ទិញផ្ទះច្រើនតែមិនសូវចាប់អារម្មណ៍មុខផ្ទះដូចក្នុងផ្ទះឡើយ។ គាត់តែងចូលទៅមើលក្នុងផ្ទះថាតើវាស្អាត ឬការរៀបចំបន្ទប់ល្អយ៉ាងណា ឬក៏ទីតាំងបន្ទប់គេងនៅកន្លែងណាខ្លះ ផ្ទះបាយនៅកន្លែងណា.. ជាដើម។ ថ្ងៃនេះយើងនាំបងប្អូនមកមើលពីសណ្ឋានមុខផ្ទះវិញម្តងថា តើមុខផ្ទះបែបណាដែលល្អសម្រាប់យើង។ សណ្ឋានមុខផ្ទះ ឬរូបរាងផ្ទះ ដែលមើលពីមុខ គឺប្រៀបដូចជាមុខរបស់មនុស្សយើងដូច្នេះដែរ វាត្រូវមានសមមាត្រគ្នា។ វាមិនគួរមានសណ្ឋានទ្រេតទៅឆ្វេងឬទៅស្តាំខ្លាំង ឬលយមកមុខឬក៏ទៅក្រោយពេកដែរ។ ទាំងនេះរាប់បញ្ចូលទាំងដំបូលផ្ទះផងដែរ។ គេអាចប្រៀបធៀបម៉្យាងទៀតថា បើមុខផ្ទះមានសណ្ឋានល្អ វាហាក់ដូចជាយើងឈរលើដីរៀបស្មើដែលមិនផ្អៀងឆ្វេងស្តាំមុខក្រោយ ហើយកាលដែលយើងឈរបាននឹងនរបែបនេះហើយរាសីរបស់យើងក៏នឹងនរតាមនោះដែរ។ ផ្ទះដែលមានសណ្ឋានមុខផ្ទះសមមាត្រស្មើល្អ នឹងអាចប្រមូលផ្តុំឋាមពលកម្លាំងធាតុចូលផ្ទះបានល្អដែលជាហេតុនាំអោយមាននូវស្ថេរភាព និងសុខដុមរមនាដល់អ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ។ ផ្ទះគំរូខាងលើ គឺជាផ្ទះដែលមិនមានសមមាត្រគ្នាដែលវាល្អសម្រាប់មើល តែមិនល្អសម្រាប់ការរស់នៅឡើយ។ កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer
មេរៀនទី ១៤ ៖ ផ្ទះឡើងចំណោត ឬចុះចំណោត
សម្រាប់អ្នកដែលរស់នៅតំបន់ភ្នំ ឬខ្ពង់រាប គេច្រើនសង់ផ្ទះនៅស្របតាមផ្លូវឡើងចំណោតឬចុះចំណោត។ តើចំណោតបែបណាដែលល្អសម្រាប់យើង? ហើយចំណោតបែបណាដែលគួរជៀសវៀង? ផ្ទះឡើងចំណោត គឺជាផ្ទះដែលមានទីតាំងនៅលើចំណោត ឬមានន័យថា ត្រូវឡើងចំណោតផ្លូវទើបដល់ផ្ទះនោះ។ វាមិនល្អឡើយបើចំណោតនោះខ្ពស់ពេក ព្រោះវាអាចនាំអោយកម្លាំងឋាមពលបែកញែកអស់ ឬឋាមពលឡើងទៅផ្ទះរបស់អ្នកមិនរួច។ ផ្ទូយទៅវិញ បើចំណោទនោះមិនចោតខ្លាំង ស្រួលឡើង នោះផ្ទះនោះមិនមានបញ្ហាទេ ហើយវានឹងផ្តល់ឋាមពលល្អៗដល់ម្ចាស់ផ្ទះ ពិសេសម្ចាស់ផ្ទះដែលមានតួនាទីមុខការជារាជការ អ្នកនយោបាយ ជាដើម។ ផ្ទះចុះចំណោត គឺជាផ្ទះដែលមានទីតាំងនៅក្រោមចំណោត ឬមានន័យថា ត្រូវចុះចំណោតផ្លូវទើបទៅដល់ផ្ទះនោះ។ បើចំណោតផ្លូវចុះទៅផ្ទះនោះមិនចោតខ្លាំង ផ្ទះនោះនឹងមានឋាមពលល្អសម្រាប់កិច្ចការងាររកស៊ី។ ផ្ទុយទៅវិញ បើផ្លូវចុះចំណោតនោះចោទខ្លាំង វានឹងបង្កើតជាសាឈី ហើយករជាឋាមពលកំណាចចាក់ទៅផ្ទះរបស់អ្នកជាមិនខាន។ ទោះយ៉ាងណាក៏ដោយ ក្បួនផ្សេងៗទៀតត្រូវយកមកប្រើផងដែរ ដើម្បីពិនិត្យនិងបញ្ជាក់ថាផ្ទះនោះពិជាល្អ ឬមិនល្អដល់ម្ចាស់ផ្ទះឬអ្នកដែលស្នាក់អាស្រ័យនៅក្នុងផ្ទះនោះ។ កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer
កម្លាំងឋាមពលនៅភ្នំ
មានដែលឆ្ងល់ទេ ថាហេតុអ្វីប្រវត្តិសាស្ត្រចិនក៏ដូចជាភាពយន្តចិនបុរាណ ច្រើនមានតួអង្គអ្នកប្រាជ្ញ អ្នកគុណនិយម និងមនុស្សល្បីៗ នៅតាមជ្រលងភ្នំ ចង្កេះភ្នំ រូងភ្នំ កំពូលភ្នំ? ភ្នំ គឺជាកន្លែងដែលសម្បូរទៅដោយកម្លាំងធាតុពីចក្រវាឡ បើភ្នំណាមានសម្រស់ព្រៃឈើនិងរុក្ខជាតិល្អៗដុះច្រើនតែមិនរញ៉េរញ៉ៃ សីតុណ្ហភាពត្រជាក់ល្មម និងសត្វព្រៃចម្រុះរស់នៅច្រើន មានន័យថា ទីកន្លែងនោះមានឋាមពលល្អៗរបស់ធាតុទាំងប្រាំសមតុល្យគ្នាយ៉ាងល្អ ព្រោះវាអំណោយផលដល់ការតាំងអាស្រ័យរបស់សត្វនានាអោយស្នាក់នៅបាន។ មនុស្សយើងអាចនឹងថមថយឋាមពលកម្លាំងធាតុ ដូចជាយើងប្រើទូរស័ព្ទច្រើនទៅវាអស់ថ្មដូច្នេះ។ យើងអាចសង្កេតឃើញថា រាងកាយរបស់យើងហាក់ដូចជាមិនសូវមានកម្លាំង សុខភាពចុះខ្សោយ ប្រាជ្ញាខ្សោយចុះ សម្រេចធ្វើអ្វីមួយមិនបានផលសមប្រកប.. ជាដើម។ ដើម្បីបន្ថែមឋាមពល(សាកថ្ម)កម្លាំងធាតុរបស់យើង បុរាណចិនតែងណែរនាំអោយឧស្សាហ៍ទៅតំបន់ភ្នំធម្មជាតិ និងឡើងភ្នំអោយញឹក យ៉ាងហោចណាស់១ឆ្នាំបាន២ដងដែរ។ បើគិតតាមក្បួនវេជ្ជសាស្ត្រវិញ កាលដែលយើងបានឡើងភ្នំ គឺយើងបានធ្វើចលនាហាត់ប្រាណដែលធ្វើអោយចរន្តឈាមរត់សព្វខ្លួនប្រាណរបស់យើង។ នៅពេលដែលចរន្តឈាមបានរត់សព្វខ្លួនប្រាណ នោះរាងកាយរបស់យើងនឹងទទួលបានឧកស៊ីហ្សែនទៅចិញ្ចឹមអាវៈយវៈផ្សេងៗដែលនាំអោយសុខភាពរបស់យើងប្រសើរឡើង។ សុខភាពល្អ នាំអោយការគិតសម្រេចផលផ្សេងៗក៏តែងសមប្រកប។ ដោយសារឃើញនិងដឹងអំពីសារប្រយោជន៍ពីចក្រវាឡបែបនេះហើយ ទើបអ្នកប្រាជ្ញ អ្នកគុណនិយម និងមនុស្សល្បីៗជាច្រើនរបស់ចិន ច្រើននៅទីកន្លែងបែបនោះ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer
គួនអ៊ី
មេទ័ព កាំបិតនាគខៀវ មុខក្រហម គួនអ៊ី គឺជាវីរៈបុរសដែលមានចិត្តស្មោះត្រង់និងមានគុណធម៌ក្នុងរឿងប្រវត្ថិសាស្ត្រចិន នគរទាំងបី(សាមកុក)។ គាត់មិនក្បត់នឹងបងប្អូនដើម្បីផលប្រយោជន៍ខ្លួនឯងឡើយ គាត់សម្លាប់តែសត្រូវ មិនសម្លាប់ក្មេង និងមនុស្សចាស់ឡើយ។ ដោយសារវីរៈភាពទាំងនេះហើយទើបរូបសំណាក់របស់គាត់ត្រូវបានគេសាងឡើងដាក់នៅតាមទីកន្លែងជាច្រើនដើម្បីតំណាងអោយសច្ចៈភាព និងអំណាចការពារ។ យើងឃើញមាននៅស្រុកយើងគេច្រើនដាក់រូបរបស់គាត់នៅផ្ទះឬកន្លែងរកស៊ីដើម្បីការពារសត្រូវ និងតំណាងអោយសច្ចៈភាពនៃការរកស៊ី។ ជាយោបល់របស់ខ្ញុំ ខ្ញុំមិនណែរនាំអោយដាក់រូបគាត់នៅតាមខ្លួនឬយានយន្តឡើយ ព្រោះបើយើងមើលពីប្រវត្តិនៃការស្លាប់របស់គាត់ គឺមកពីគាត់មិនស្តាប់តាមការណែរនាំរបស់ ជូកឺលាង ដែលហាមមិនអោយចេញក្រៅក្រុង តែដោយសារអំនួតមើលងាយសត្រូវពេក គាត់ត្រូវបានស្លាប់នៅសមរភូមិ។ ដូច្នេះ ជាការណែរនាំរបស់ខ្ញុំ៖ – ល្អ បើដាក់នៅនឹងកន្លែង ផ្ទះ ឬកន្លែងធ្វើការរកស៊ី– មិនល្អ បើយកគាត់ដើរជាមួយ (ជាបណ្តោង ឬរូបសំណាក់ដាក់ក្នុងយានយន្ត) តើការប្រើប្រាស់រូបសំណាក់មេទ័ពគួនអ៊ីមានលក្ខខណ្ឌអ្វីខ្លះ?ការប្រើប្រាស់មានច្រើនសណ្ឋាន តែបើតាមគម្ពីរតៅបុរាណចិន គេបានបែងចែកជាបីប្រភេទធំៗ៖ ១. ឥរិយាបថ ឈរ ឬអង្គុយ ដោយកាន់លំពែងដាក់ដងអុកនឹងដីហើយផ្លែឡើងលើ៖ សណ្ឋាននេះតំណាងអោយការវាយឈ្នះ ឬនៅការពារនគរ ដោយបញ្ជាក់ថា កន្លែងនេះស្ថិតនៅក្រោមដែនការពាររបស់គាត់ មិនមានអ្នកណាអាចបំពានបានទេ។ គេច្រើនប្រើសម្រាប់នៅផ្ទះ ដើម្បីការពារការប៉ុនប៉ងពីសត្រូវ ខ្មោចព្រាយបីសាចអារក្ស ឬជម្ងឺជាដើម។ (ជំនឿពីបុរាណ ពេលឈឺ គឺបណ្តាលមកពីខ្មោចអារក្សធ្វើ) ២. ឥរិយាបថ កាន់លំពែងឬដាវយាររកកាប់ ទោះឈរ ឬបន្ទន់ជង្គង់ ឬជិះសេះ៖ សណ្ឋាននេះតំណាងអោយការចេញច្បាំងដែលនឹងនាំជ័យជំនះមកវិញ។ គេច្រើនប្រើសម្រាប់នៅកន្លែងធ្វើការរកស៊ី ព្រោះមានមេទ័ពគួនអ៊ីជួយត្រួសត្រាយសត្រូវចេញពីផ្លូវក្នុងវាលសមរភូមិ(កិច្ចការរកស៊ី)។ ៣. ឥរិយាបថ កាន់សៀវភៅ ទោះឈរ ឬអង្គុយ(អាចមានកាន់លំពែង ឬបញ្ឈរនៅក្បែរ)៖ សណ្ឋាននេះតំណាងអោយការបង្កើនប្រាជ្ញា ពង្រឹងចំណេះវិជ្ជា និងអារម្មណ៍ស្ងប់សុខ ដែលមិនមានអ្នកណាហ៊ានមករំខាន។ គេច្រើនប្រើសម្រាប់នៅបណ្ណាល័យ សាលារៀន កន្លែងហាត់សមាធិ វិហារ ឬវត្តជាដើម។ ទោះយ៉ាងណា ឥទ្ធិពលរបស់រូបសំណាកទេវតាគួនអ៊ី(គ័នកុង) មានឫទ្ធិក្នុងការទប់ស្កាត់ការប៉ុនប៉ងយារយីផ្សេងបានដូចគ្នា គ្រាន់តែបើប្រើនៅកន្លែងណាគេគួររៀបចំអោយត្រូវនឹងអត្ថន័យកាន់តែប្រសើរ។ រូបសំណាក់ត្រូវធ្វើកិច្ចបើកភ្នែក ឬប្រសិទ្ធីសិន ទើបមានប្រសិទ្ធិភាព។ ជូនពរសំណាងល្អ! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ មេត្តាហ្វីនិច្ច#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer#metafenix#metafenixconsulting#jiangweizhi
មេរៀនទី ១៣៖ ផ្ទះផ្លូវកោងចំ
មិនសូវខុសពីមេរៀនទី១២ អំពីផ្ទះផ្លូវបុកចំ ប៉ុន្មានទេ ផ្ទះផ្លូវកោងចំ ត្រូវបានគេជឿថានឹងនាំងហេតុអាក្រក់ផ្សេងៗដល់ម្ចាស់ផ្ទះក៏ដូចជាអ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ ដោយសារកំលាំងរបស់ធាតុអាក្រក់វាកោងចំផ្ទះខ្លាំងពេក ដែលហាក់ដូចជាមុខកាំបិតទៅអារកាត់ធាតុល្អៗដែលមាន។ បើយើងនិយាយពីបញ្ហាចរាចរក៏យើងអាចគិតឃើញនូវការបើកបរហួសល្បឿនជ្រុលទៅបុកផ្ទះផងដែរ។ តាមក្បួនហុងស៊ុយ គេមិនណែនាំអោយទិញអចលនទ្រព្យដែលមានផ្លូវកោងចំនោះទេ តែបើជៀសមិនបាន ត្រូវប្តូរទ្វារចេញចូលផ្ទះកុំអោយចំផ្លូវកោង។ តែបើផ្ទះរបស់អ្នកនៅក្នុងរង្វង់កោងវិញ ផ្ទះនោះមិនមានបញ្ហាអ្វីចោទទេ។ * មានគេសួរថា ចុះបើយើងនៅខុនដូ ហើយមានស្ពានអាកាសកោងចំ វាយ៉ាងម៉េចវិញ? ចម្លើយគឺ វាប៉ះពាល់ដូចគ្នាបើសិនជាវាកោងឬបុកចំជាន់ដែលយើងនៅ តែបើយើងខ្ពស់ជាងវាផុតប្រហែល៥ម៉ែត្រឡើងទៅ វាគ្មានបញ្ហានោះទេ។ * មានសំនួរមួយទៀតសួរថា ចុះបើផ្ទះយើងទាបជាងផ្លូវកោងចំ? ចម្លើយគឺ មិនមានបញ្ហាទេ បើស្រមោលរបស់ផ្លូវកោងចំនោះមិនគ្របមកលើផ្ទះរបស់យើង។ បន្ថែមលើចម្លើយទាំង២ខាងលើ ត្រូវជៀសមួយទៀតគឺ កុំនៅគៀកនឹងស្ពានអាកាសពេកដែលនាំអោយមានសម្លេងចរាចរណ៍រំខាន ដែលវាអាចបង្កើតឋាមពលមិនល្អដល់យើង។ អ្នកអាចសង្កេតមើលឧទាហរណ៍ជាក់ស្តែងនៅស្រុកយើងបាន។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
មេរៀនទី ១២៖ ផ្ទះផ្លូវបុកចំ
កាលពីមេរៀនទី ៥ យើងបានរៀនអំពី ធាតុល្អ(សឹងឈី) និងធាតុអាក្រក់(សាឈី) ដែលបាននិយាយអំពីចំនុចមួយចំនួននាំអោយមានធាតុអាក្រក់កើតមានឡើងដល់ម្ចាស់អចលនទ្រព្យ។ ជាកិច្ចបន្ថែមទៅលើមេរៀនទី ៥ នោះ យើងសូមលើកយកចំនុចសំខាន់មួយមកពន្យល់ នោះគឺ ផ្ទះផ្លូវបុកចំ ។ ផ្ទះផ្លូវបុកចំ ត្រូវបានគេជឿថានឹងនាំងហេតុអាក្រក់ផ្សេងៗដល់ម្ចាស់ផ្ទះក៏ដូចជាអ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ ដោយសារកំលាំងរបស់ធាតុអាក្រក់វាបុកចំផ្ទះខ្លាំងពេក។ បើយើងនិយាយពីបញ្ហាសង្គមបច្ចុប្បន្នវិញ យើងក៏គិតឃើញផងដែរនូវហានិភ័យដែលអាចបណ្តាលមកពីយានយន្តបើកបរបំពានល្បឿនកំណត់ហួសមកបុកផ្ទះនោះផងដែរ។ ជួនកាល មានគេដាក់រូបសឹង្ហ(តោ) ដំរី ឬកញ្ចក់ប៉ោង/ផត៨ទិសដាក់នៅលើមាត់ទ្វាចូលផ្ទះដែលមានផ្លូវបុកចំ ដោយមានជំនឿថា វានឹងអាចបញ្ជៀសហេតុអាក្រក់ទាំងនោះបាន តែជាក់ស្តែងវាមិនបានជួយអ្វីច្រើននោះទេ។ តាមក្បួនហុងស៊ុយ គេមិនណែនាំអោយទិញអចលនទ្រព្យដែលមានផ្លូវបុកចំនោះទេ តែបើជៀសមិនបាន ត្រូវប្តូរទ្វារចេញចូលផ្ទះកុំអោយចំផ្លូវបុក។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
មេរៀនទី ១១៖ ទូរចិញ្ចឹមត្រី ឬទឹកធ្លាក់
កន្លងមកយើងបានរៀនដឹងរួចមកហើយថា ទឹកគឺជាប្រភពឋាមពលមួយដ៏ល្អសម្រាប់គៀងគរទ្រព្យសម្បត្តិ និងង៉ូវហេងដល់យើង ដូច្នេះហើយបានជាមានម្ចាស់ផ្ទះមួយចំនួនគាត់បានរៀបចំជាទូរកញ្ចក់/អាងចិញ្ចឹមត្រី ឬទឹកធ្លាក់នៅតាមទិសហុងស៊ុយ។ ទិសដែលល្អទាំងនោះរួមមាន៖១. ទិសខាងកើត២. ទិសខាងត្បូងឆៀងកើត៣. ទិសខាងជើង តែអ្នកខ្លះទៀតបានត្អូញត្អែរថា ដាក់តាំងទូរកញ្ចក់/អាងចិញ្ចឹមត្រីឬទឹកធ្លាក់នៅទិសហុងស៊ុយដូចរៀបរាប់ហើយ តែបែរជារាសីដាក់ទៅវិញ… ចំនុចសំខាន់ដែលអ្នកត្រូវពិនិត្យមើលមុនគេ នោះគឺ៖១. តើមានសម្លេងទឹកធ្លាក់ខ្ទរខ្លាំងដែរឬទេ?២. តើម៉ាស៊ីនអ៊ុកស៊ីសែនលាន់ខ្លាំងដែរឬទេ?៣. តើមានសម្លេងអ្វីផ្សេងៗដែលបណ្តាលអោយមានសម្លេងបែបរំខានដែរឬទេ? វាពិបាកនឹងបែងចែកបន្តិចលើបញ្ហាសម្លេង តែសម្លេងដែលចេញពីកន្លែងទឹកទាំងនោះត្រូវតែជាសម្លេងដែលមិនរំខាន។ និយាយរួម គឺសម្លេងបែបរ៉ូមេនទិក ឬស្ងប់ស្ងាត់ដែលអាចផ្តល់អារម្មណ៍សុខសាន្តបាន។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
មេរៀនទី ១០៖ ពណ៌បញ្ជាក់ប្រភេទដីដែលល្អ
ក្រៅពីប្រភេទដីដែលបានបញ្ជាក់នៅក្នុងមេរៀនមុនៗរួចមក ឥឡូវយើងរៀនមើលអំពីពណ៌របស់ដែលល្អសម្រាប់យើងវិញម្តង។ មានចំនុចជាច្រើនដែលត្រូវពន្យល់ពីសាវតានៃការរើសដី ដែលវាពាក់ព័ន្ធនឹងតារាសាស្ត្រ សសៃឈាមនាគ និងគ្រោងឆ្អឹងនាគជាដើម តែជាសង្ខេប បើយើងពិនិត្យមើលដី យើងមិនមែនមើលតែស្រទាប់ខាងលើនោះទេ ព្រោះស្រទាប់ខាងលើ វាអាចមិនមែនជាដីកំណើត(ដីដើម) ដោយសារការចាក់ដីបន្ថែមដើម្បីអោយខ្ពស់ ឬការធ្វើសួនឬកសិកម្មនានា។ ដូច្នេះការមើលប្រភេទដី យើងគប្បីជីកជម្រៅពីមួយម៉ែត្រកន្លះទៅពីរម៉ែត្រទើបយើងអាចមានតម្រុយដីដើម។ ប្រភេទពណ៌ដីទាំងអស់មាន៩ប្រភេទ៖១. ពណ៌បៃតង២. ពណ៌លឿងខ្ចី(ស្រាល)៣. ពណ៌លឿងចាស់៤. ពណ៌ក្រម៉ៅ ឬពណ៌ចាស់ងងឹតៗ៥. ពណ៌ក្រហម៦. ពណ៌សស្លេក៧. ពណ៌ដែកឬមាសមានលាយសខ្មៅល្បាយ៨. ពណ៌ល្បាយបៃតង លឿង៩. ពណ៌សសុទ្ធ ឬខ្មៅសុទ្ធ ក្នុងចំណោមពណ៌ដីទាំង៩ប្រភេទខាងលើនេះ មានតែបីពណ៌ប៉ុណ្ណោះដែលចាត់ទុកថាល្អបំផុត។ ១. ពណ៌បៃតង នាំអោយមាននូវកេរ្តិឈ្មោះល្អ ឋានៈ និងតួនាទី២. ពណ៌លឿងខ្ចី(ស្រាល) នាំអោយមាននូវទ្រព្យសម្បត្តិ និងភាពរីកចម្រើន៣. ពណ៌សស្លេក នាំអោយមាននូវ អំណាច ត្បិតយើងមានក្បនហើយក៏ដោយ ការមើលពណ៌ដីនេះគឺជាការងារពិបាកមួយរបស់គ្រូហុងស៊ុយ វាតម្រូវអោយមានបទពិសោធន័ និងចំណេះដឹងជ្រៅជ្រះទើបអាចមើលបានត្រូវល្អ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើម រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
ជំនាងផ្ទះ ឬទីជូអៀរ
មានគេនិយាយថា ឆ្នាំខ្លះត្រូវប្រើជំនៀងផ្ទះ ឬទីជូអៀរ ពណ៌នេះ ផលិតអំពីនេះ ឆ្នាំខ្លះទៀតត្រូវប្រើ ពណ៌នោះ ផលិតអំពីនោះអញ្ចឹងទៅ.. ចុះបើមួយឆ្នាំប្តូរម្តងដូចគេថាមែន… ជំនៀងផ្ទះយើងហត់រាល់ឆ្នាំហើយអញ្ចឹង? នៅមិនទាន់អស់ចិត្តផង គេបង្ខំអោយប្តូរផ្ទះបាត់! អ្នកទិញសុទ្ធតែឈើប្រណិត ចុះបើមួយឆ្នាំប្តូរម្តង គេយកទៅចោលឯណា? បើដឹងប្រាប់ខ្ញុំផង… សម្រាប់ខ្ញុំ មតិខាងលើ គឺជាយុទ្ធសាស្ត្រធ្វើជំនួញសុទ្ធសាធ ដើម្បីលក់ទីជូអៀរដាច់! ការរៀបចំទីជូអៀរ ឬជំនៀងផ្ទះ គឺធ្វើតាមលទ្ធភាពនិងជំនឿរបស់យើង ហើយក៏មិនត្រូវប្តូរញឹកញាប់ពេកដែរ បើវាមិនខូចឬបាក់បែកទេ។ តែមានចំនុចមួយចំនួនដែលត្រូវពិចារណានោះ គឺទីតាំងដែលត្រូវដាក់។ ១. បែរមុខទីជូអៀរ អោយចំនឹងមាត់ទ្វាចូលផ្ទះ ដើម្បីអោយបារមីឃើញនូវអ្វីដែលប្រុងនឹងចូលមក២. ប្រភេទ និងពណ៌ គួរអោយត្រូវតាមតំបន់នៃផ្ទះ ដែលបានបង្ហាញនៅមេរៀនទី៣ និងទី៤៣. រក្សាអនាម័យ និងសម្អាតអោយបានជាប្រចាំ៤. មិនត្រូវដាក់របស់អ្វីមួយពីលើដាច់ខាត ដូចជា ក្រណាត់ តុ ទូ..៥. គោរពប្រណិបត្តិជាប្រចាំដើម្បីសម្តែងការដឹងគុណ និងរាប់អាន សូមអធ្យាស្រ័យ បើអត្ថបទនេះប៉ះពាល់ដល់អ្នកលក់ជំនៀងផ្ទះ ឬទីជូអៀរ! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh